រដ្ឋមន្រ្តីការងារជំរុញឲ្យបន្តយន្តការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រុញដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក គណៈកម្មការ សម្រាប់ដោះស្រាយបញ្ហា កូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច មន្ទីរការងាររាជធានី-ខេត្ត ត្រូវបន្តចូលរួមសហការគ្នាឱ្យកាន់តែជិតស្និត ប្រឹងប្រែងដោះស្រាយ នូវសំណូមពរ ការទាមទារស្របតាមច្បាប់ជូនប្រជាពលរដ្ឋនិងកម្មករនិយោជិត ហើយបន្តចាត់វិធានការចំពោះអ្នកមានចេតនាញុះញង់ធ្វើឱ្យខាតបង់ផលប្រយោជន៍ប្រជាពលរដ្ឋប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងបង្កអំពើហិង្សានានានៅក្នុងសង្គមជាតិ។

ការជំរុញនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការសម្រាប់ដោះស្រាយកូដកម្ម បាតុកម្ម នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នៅទីស្តីការក្រសួង។ជាមួយនោះ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើអោយបន្តការផ្សព្វផ្សាយ ការយល់ដឹងដល់កម្មករនិយោជិត ពីផលវិបាកដោយសារជំងឺកូវីត១៩ និង វិធាការនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីជួយសម្រួលដល់ប្រក្រតីភាព នៃអាជីវកម្ម ផលិតកម្ម របស់រោងចក្រ សហគ្រាស ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ។

លោកបណ្ឌិត អ៊ិត សំហេង បានស្នើដល់គណៈបញ្ជាការឯកភាពនិងគណៈកម្មការដោះស្រាយ បញ្ហាកូដកម្ម បាតុកម្មនិងគ្រប់ភាគីពាក់ព័ន្ធ ត្រូវមានផែនការអនុវត្ត ក្នុងភូមិសាស្រ្តរបស់ខ្លួន។ រាល់ការកើតមានបញ្ហាណាមួយ នៅតាមភូមិសាស្រ្តរបស់ខ្លួន ត្រូវទទួលខុសត្រូវដឹកនាំបញ្ជាដោះស្រាយរាល់ករណីជាក់ស្តែង និងត្រូវខិតខំដោះស្រាយឱ្យអស់លទ្ធភាព ជាពិសេសត្រូវក្តាប់នូវមូលហេតុ នៃបញ្ហា ភស្តុតាង និងមុខសញ្ញា ដោយខិតខំការពារសន្តិសុខសុវត្ថិភាព ជូនសហជីព កម្មករនិយោជិត ដែលធ្វើកូដកម្ម បាតុកម្មស្របច្បាប់។

លោករដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចុះជួបជាប្រចាំ ជាមួយកម្មករនិយោជិត នៅតាមតំបន់ផ្ទះជួល ឬ កន្លែងស្នាក់នៅរបស់កម្មករនិយោជិត ដើម្បីក្តាប់ឱ្យបាននូវស្មារតី ស្ថានភាពរស់នៅ បញ្ហាថ្លៃបន្ទប់ ថ្លៃអគ្គិសនី ថ្លៃទឹកស្អាត និងសំណូមពររបស់កម្មករនិយោជិត ព្រមទាំងពិនិត្យហានិភ័យនានា ដែលអាចកើតមាន ចំពោះកម្មករនិយោជិត នៅក្នុងតំបន់ភូមិសាស្ត្ររបស់ខ្លួន។ ផ្តល់លេខទូរស័ព្ទទំនាក់ទំនងរបស់ក្រុមមេធាវី ស្ម័គ្រចិត្តសម្តេចតេជោសែន ក្នុងករណីកម្មករនិយោជិត ត្រូវការប្រើប្រាស់សេវាផ្នែកច្បាប់ដើម្បីការពារខ្លួនពីករណីរំលោភបំពាននានា ដែលអាចកើតមានចំពោះពួកគាត់ ក្នុងវិស័យការងារ៕