(ភ្នំពេញ)៖ ពាក្យស្លោកនៃកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺ “កីឡារស់ក្នុង សន្តិភាព” ដោយគេចាំបានថា នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ឆ្នាំ២០២២ មានពាក្យស្លោក ថា “កីឡាជំរុញសន្តិភាព” ។ ត្រង់ចំណុចនេះ សម្តេច ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានគូសបញ្ជាក់ថា កម្ពុជា-ចិនមានឆន្ទៈរួមគ្នាក្នុងការជំរុញសន្តិភាព តាមរយៈពាក្យស្លោក ក្នុងព្រឹត្តិ ការណ៍ទាំងពីរនេះ។
ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដែលជាគណៈកម្មាធិការ ទទួលបន្ទុកលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ បានមានប្រសាសន៍ថា ពាក្យស្លោកនៃកីឡាស៊ីហ្គេម លើកទី៣២ « កីឡារស់ ក្នុងសន្តិភាព» បានស្របគ្នាខ្លាំងទៅនឹងការជំរុញឲ្យមានសន្តិភាព ពីសាធារណរដ្ឋប្រជាមានិតចិន ដែលបានបំពេញ នាពេលកន្លងមកនេះ គឺជាភាពត្រឹមត្រូវបំផុត ព្រោះថា ដោយសារសន្តិភាព បាន បង្កលទ្ធភាពឲ្យកម្ពុជាមានឱកាសសម្រេចកិច្ចការងារយ៉ាងច្រើន រួមទាំង ការរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣នេះ។
សម្តេចបានបញ្ជាក់ថា ពាក្យថា »សន្តិភាព» នេះ មានគុណតម្លៃធំធេងណាស់ ហើយក៏បន្ស៊ីជា មួយនឹងខាងសាធារណរដ្ឋប្រជាមានិតចិន ជំរុញឲ្យសន្តិភាព តាមរយៈពាក្យស្លោក ក្នុងព្រឹត្តិការណ៍ កីឡាដូចគ្នា ដោយសម្តេចចាត់ទុកថា នេះគឺជាភាពស្របគ្នាជាខ្លាំង។
«បានន័យថា ការយកចិត្តទុកដាក់ពីសំណាក់សាធារណរដ្ឋប្រជាមានិតចិន គឺចង់ឲ្យពិភពលោកនេះ មានសន្តិភាព ដ៏ពេញលេញ ដែលត្រូវបានចាត់ទុកជារឿងសំខាន់ណាស់ មានអត្ថន័យធំធេងណាស់ កិច្ចការងារនេះស្របនឹងតម្រូវការរបស់មនុស្សជាតិទាំងឡាយ ប្រសិនបើពុំមានសន្តិភាពទេ យើង ពុំអាចធ្វើអ្វីៗ គ្រប់យ៉ាងទាំងអស់ ដោយសារតែមូលដ្ឋាននេះ ទើបយើងធ្វើទៅជាមួយគ្នា យ៉ាងល្អ ប្រសើរជាទីបំផុត ជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ក្លាយជាមិត្តដែកថែបមួយ ដែលមានសារៈ សំខាន់ជាទីបំផុត»។
គួរបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។ ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍កីឡាក្នុងតំបន់ដែលរៀបចំឡើង រៀងរាល់ពីរឆ្នាំម្ដង ដោយប្រទេសជាសមាជិក។ ចាប់តាំងពីបង្កើតដំបូងមក ឆ្លងកាត់រយៈពេល៦៤ឆ្នាំ បានមកដល់ ប្រទេសកម្ពុជា ជាលើកដំបូង។
«ពហុកីឡដ្ឋានជាតិមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិនជូនកម្ពុជាគឺជាហេដ្ឋារចនាសម្ព័ន្ធកីឡាដ៏សំខាន់ សម្រាប់ព្រឹត្តិការណ៍កីឡាដែលកម្ពុជារៀបចំនេះ។ ក្រៅពីផ្តល់ជំនួយដ៏មានតម្លៃមួយនេះ ចិនក៏បានបញ្ជូនអ្នកជំនាញជាន់ខ្ពស់មកជួយរៀបចំបច្ចេកទេស រួមទាំងពិធីបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេម ដ៏អស្ចារ្យនេះផងដែរ៕