(ភ្នំពេញ)៖ ខណៈមេរោគកូវីដ១៩ នៅបន្តរាលដាលនៅក្នុងប្រទេសនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ បាន ព្រមានសាជាថ្មីថា ការព្រងើយកន្តើយ និងធ្វេសប្រហែសក្នុងការការពារខ្លួនរបស់ប្រជាពលរដ្ឋ គឺជាកត្តាបើកចំហរឱ្យមានការឆ្លងមេរោគកូវីដ កាន់តែកើនឡើង និងលឿនខ្លាំង។
ជាមួយគ្នានោះ លោកជំទាវរដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋជាថ្មីទៀតថា ប្រសិន បើទៅទីកន្លែងណាក៏ដោយ សូមនាំគ្នាអនុវត្តវិធានការ «៣ការពារ និង៣កុំ» រួមជាមួយចាក់វ៉ាក់សាំង ដូសជំរុញពេលដល់វេន ឱ្យបានទាន់ពេល ដើម្បីសុខភាពផ្ទាល់ខ្លួន។
គួរជម្រាបថា នៅថ្ងៃទី៤ ខែសីហានេះ ក្រសួងសុខាភិបាលបានបង្ហាញព័ត៌មានពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ចំនួន២៩នាក់ និងជាសះស្បើយចំនួន១៩នាក់។ គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២២នេះដែរ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១៣៦,៩៣៧នាក់ អ្នកជាសះស្បើយ សរុបចំនួន១៣៣,៦២៧នាក់ ស្លាប់សរុបចំនួន៣,០៥៦នាក់៕