កាណាដា អំពាវនាវឲ្យចិនបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៉ី នៅតៃវ៉ាន់

 (អូតាវ៉ា)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២ គឺរដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី ម៉េឡាណៃ ចូលី (Melanie Joly) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ប្រទេសកាណាដាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាព តានតឹងដែលកើតចេញពីដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោក ស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) នៅកោះតៃវ៉ាន់ ដោយលោកស្រី បានអំពាវនាវដល់ ប្រទេសចិនឲ្យបន្ធូរបន្ថយស្ថានការណ៍ដ៏តឹងតែងនេះ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីក្រុង ម៉ុនត្រេអាល់ (Montreal) ជាមួយរដ្ឋមន្រ្តីការបរទេស អាល្លឺម៉ង់ លោកស្រី អាន់ណាឡេណា ប៊ែរបកស៍ (Annalena Baerbock), លោកស្រី ចូលី បាន គូសបញ្ជាក់ថា «យើងគិតថាសមាជិកសភាអាចធ្វើទស្សនកិច្ចជុំវិញពិភពលោក ហើយច្បាស់ណាស់ ថាដំណើរទស្សនកិច្ចនេះ មិនអាចប្រើជាហេតុផល ឬជាលេសណាមួយ ដើម្បីបង្កើនភាពតានតឹង ឡើយ។ ដូច្នេះក្នុងន័យនេះ យើងអំពាវនាវឱ្យប្រទេសចិនបន្ធូរបន្ថយភាពតានតឹង ពីព្រោះយើងគិតថា វាអាចមានហានិភ័យ គឺមិនត្រឹមតែភាពតានតឹងដែលកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យមាន អស្ថិរភាពក្នុងតំបន់ផងដែរ»