(តៃប៉ិ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២ អោយដឹងថា ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា តៃវ៉ាន់បានចល័តកង យន្តហោះចម្បាំងរបស់ខ្លួន កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីទៅបណ្តេញ យន្តហោះចម្បាំងចិនសរុប ចំនួន ២៧គ្រឿង ដែលបាន ចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណការពារអាកាស (ADIZ) របស់ តៃវ៉ាន់ ហើយក្នុងចំណោម នោះ២២គ្រឿង ថែមទាំងបានហោះឆ្លងកាត់ខ្សែបន្ទាត់មេដ្យាន ដែល ខណ្ឌចែកដែនកោះនេះពី ប្រទេសចិន ទៀតផង។
ចិនបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងរបស់ខ្លួន ជុំវិញដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស របស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី ណាន់ស៉ី ផេឡូស៉ី មកកាន់តៃវ៉ាន់ ដែលបានប្រព្រឹត្ត ទៅកាលពីថ្ងៃអង្គារ-ពុធសប្តាហ៍នេះ តាមរយៈការប្រកាសធ្វើសមយុទ្ធយោធា នៅព័ទ្ធជុំវិញដែនកោះ នេះ ព្រមទាំងការកោះហៅ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៉េកាំង និងការផ្អាកការនាំចូលផលិត ផលកសិកម្មមួយចំនួនពីតៃវ៉ាន់ ជាដើម។
បើតាមក្រសួងការពារជាតិតៃវ៉ាន់ ក្រុមយន្តហោះយោធាចិន ដែលបានហោះចូលមកក្នុងតំបន់ ADIZ របស់ដែនកោះនេះ រួមមាន យន្តហោះ Su-30 ចំនួន១៦គ្រឿង និងយន្តហោះចម្បាំង១១គ្រឿង ផ្សេងទៀត។ ជាការឆ្លើយតប យោធាតៃវ៉ាន់បានចល័ត កងយន្តហោះចម្បាំងរបស់ខ្លួនភ្លាមៗ ហើយ ដាក់ពង្រាយប្រព័ន្ធមីស៉ីល ដើម្បីតាមឃ្លាំមើលសកម្មភាពក្រុមយន្តហោះរបស់ចិន។ យ៉ាងណាមិញ យន្តហោះចម្បាំងចិន២២គ្រឿង ដែលបានឆ្លងខ្សែបន្ទាត់មេដ្យាន គឺមិនបានហោះចូលជ្រៅប៉ុន្មាន ទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ តៃវ៉ាន់បានអះអាងថា កន្លែងខ្លះនៃការធ្វើសមយុទ្ធយោធា របស់ចិនដែលត្រូវបានប្រកាស សម្រាប់ក្នុងសប្តាហ៍នេះ គឺស្ថិតនៅចម្ងាយតែខ្ទង់ជាង ២០គីឡូ ម៉ែត្រប៉ុណ្ណោះ ពីដែនទឹកនិងដែនអាកាសរបស់ខ្លួន ខណៈក្រសួងការពារជាតិតៃវ៉ាន់ បានចាត់ទុកថា វាប្រៀបដូចជាការបិទខ្ទប់ដែនសមុទ្រ និងដែនអាកាសរបស់តៃវ៉ាន់ យ៉ាងដូច្នោះ៕