សម្តេចតេជោ ហ៊ុន សែន៖ បើឯកឧត្ដម ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់ជីវិត សម្តេចនឹងវិលត្រឡប់មកកាន់នាយករដ្ឋមន្ត្រីវិញ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ បានលើកឡើងថា បើសិនជាឯកឧត្ដម ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់ជីវិត សម្ដេចនឹងវិល ត្រឡប់មកកាន់ ជានាយករដ្ឋមន្ដ្រីវិញ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នាព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមព្រមានមួយទុកឲ្យហើយ បើសិនជាកូនខ្ញុំ (ហ៊ុន ម៉ាណែត) មានគ្រោះថ្នាក់ដល់ជីវិត លទ្ធភាពនៃការវិលត្រឡប់ មកធ្វើជានាយករដ្ឋមន្ដ្រីវិញ គឺខ្ញុំ ត្រូវតែមកធ្វើជានាយករដ្ឋមន្ដ្រីវិញ»

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេចអត់ឲ្យប្រទេសកម្ពុជា ច្របូក ច្របល់នោះទេ បើសិនជាឯកឧត្ដម ហ៊ុន ម៉ាណែត គ្រោះថ្នាក់ដល់ជីវិត សម្ដេចត្រូវត្រឡប់មកធ្វើ ជា នាយករដ្ឋមន្ដ្រីមួយរយៈ ហើយបន្ទាប់ពីនោះ សម្ដេចនឹងជ្រើសរើសអ្នកណា ដែលអាចធ្វើជានាយក រដ្ឋមន្ដ្រីបន្ដ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើបែបនេះ គឺដើម្បីធានាសេចក្តីសុខ របស់ប្រជាពលរដ្ឋ។

សូមរំលឹកថា តាមរយៈសារសំឡេង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា ឯកឧត្ដម ហ៊ុន ម៉ាណែត នឹងត្រូវក្លាយជានាយក រដ្ឋមន្ត្រីថ្មី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំលើកដំបូង។

តាមរយៈសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនបន្តតំណែង ជា នាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មី នោះឡើយ។ ការដែលសម្តេចប្រញាប់ប្រញាល់ លាឈប់ពីតំណែងជា នាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុន សម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូល ដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងរបស់ ឯកឧត្ដម ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី មិនបានរំលងនីតិវិធីទាំងឡាយនោះឡើយ។ សម្តេចតេជោ បានថ្លែងទៀតថា ក្រោយ ពេលសម្តេច លាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ៕