អាល់ហ្សេរី អេហ្ស៊ីប និងម៉ារ៉ុក ខិតជិតយកបានកៅអីទៅលេង World Cup 2026

(បរទេស)៖ ក្រុមគីឡូ World Cup ប្រចាំទ្វីបអាហ្រ្វិក មានដូចជា អាល់ហ្សេរី អេហ្ស៊ីប និងម៉ារ៉ុក កាន់តែប្រកៀកក្នុងការទទូលបានសំបុត្រឆ្ពោះទៅអាមេរិក មិចស៊ិក និងកាណាដានាឆ្នាំក្រោយ ក្រោយពេលយកបានជ័យជម្នះរៀងៗខ្លួន នៃវគ្គជម្រុះប្រចាំតំបន់យប់មិញនេះ។

សម្រាប់កូតារបស់ FIFA ក្រុមដែលឈរទីកំពូលតារាងនីមួយៗទាំង ៩ពូលប្រចាំទ្វីបអាហ្រ្វិក នឹងទទួលបានកៅអីស្វ័យប្រវត្តិឡើងទៅលេងជុំចុងក្រោយ វគ្គចែកពូល ៤៨ក្រុម ស្របពេលក្រុមលេខ២ ល្អបំផុតចំនួន ៤ក្រុមត្រូវជម្រុះបន្ត ដើម្បីស្វែងរកកន្លះកៅអីឡើងទៅប្រកួតអន្តរទ្វីបជាបន្តទៀត។

ការប្រកួតប្រជែងកៅអីតាមពូល នឹងបញ្ចប់ជាផ្លូវការនៅអំឡុងខែកញ្ញា និងតុលា ឆ្នាំ២០២៥ មុនឈានដល់លេងជម្រុះជុំទី២ ជាបន្តនឹងធ្វើឡើងនៅខែវិច្ឆិកា។

ជាការកត់សម្គាល់ផងដែរ អេហ្ស៊ីប ដែលមានខ្សែប្រយុទ្ធស្នូល Mohamed Salah សមាជិកលេងនៅ World Cup 2022 កំពុងឈរទីកំពូលតារាងនៃពូល A ដាច់ដោយមាន ១៦ពិន្ទុ ក្រោយឆ្លងកាត់ ៦ប្រកួត។ ពួកគេបានយកឈ្នះស៊ីរ៉ាឡេអន (Sierra Leone) ១ទល់នឹង០ រក្សាកំណត់ត្រាលេងជម្រុះប្រចាំ CAF មិនចាញ់ដដែល។

ជាមួយគ្នានោះ អាល់ហ្សេរី ក៏បានបំបាក់ម៉ូហ្សំប៊ិ ៥-១ ដើម្បីបន្តកាន់កាប់កំពូលតារាងនៃពូល G ដ៏រឹងមាំថែមទៀតដែរ គ្រាដែលម៉ារ៉ុក ដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 នៅប្រទេសកាតានោះ ក៏បានយកឈ្នះតង់សានី ២-០ ក្នុងការបន្តគ្រប់គ្រងតំណែងកំពូលតារាងនៃពូល E បន្តទៀតដែរ។

សូមបញ្ជាក់ផងដែរថា World Cup 2026 ជំនាន់ទី២៣ ដែលធ្វើឡើងនៅទ្វីបអាមេរិក រកឃើញ ២ក្រុម (ប្រទេស) ទទួលកៅអីឡើងទៅវគ្គចែកពូលជុំចុងក្រោយស្វ័យប្រវត្តិហើយរួមមាន ជប៉ុន ចេញពីអាស៊ី (AFC) និងណូវែលហ្សេឡង់ ចេញពីអូសេអានី (OFC) រួមទាំងសហរដ្ឋអាមេរិក មិចស៊ិក និងកាដាណា មានកៅអីស្វ័យប្រវត្តិក្នុងនាមម្ចាស់ផ្ទះ៕