បន្ទាយមានជ័យ ៖ បុរសវ័យ៦៤ឆ្នាំម្នាក់ បានរងរបួសដាច់ជើងទាំងពីរ ក្រោយពីគាត់ដើរដាក់អន្ទាក់សត្វនៅតាមព្រំដែនកម្ពុជា-ថៃ រួចក៏ជាន់មីន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបង្គោលព្រំដែនកម្ពុជា-ថៃ លេខ៤៨ ស្ថិតភូមិទំនប់ដាច់.ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដ បន្តាយមានជ័យ ។
លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ញ៉ែម សឹម អាយុ៦៤ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ.ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានដើដាក់អន្ទាក់សត្វ នៅកន្លែងកើតហេតុចំណុចបង្គោលព្រំដែនកម្ពុជា-ថៃ លេខ៤៨ ស្ថិតភូមិទំនប់ដាច់ ឃុំអូរបីជាន់ បានជាន់មីនស្គរប្រភេទអាកា៥៨ នៅសេសសល់ពីសម័យសង្គ្រាម បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងទាំង២ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែននៃវរសេនាតូចនគរបាលការពារលេខព្រំដែនគោកលេខ៩១១ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ទៅជួយសែងយកជនរងគ្រោះពីកន្លែងកើតហេតុដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត៕