​គណបក្សឆ្វេងនិយមជ្រុល អំពាវនាវឱ្យលោក Macron លាលែងចេញពីតំណែង

(ប៉ារីស)៖ គណបក្សឆ្វេងនិយមជ្រុល កាលពីថ្ងៃពុធ ទី៤ ខែធ្នូ បានជំរុញឱ្យប្រធានាធិបតី លោក Emmanuel Macron លាលែងចេញពីតំណែង ហើយរៀបចំការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់ បន្ទាប់ពីសមាជិកសភាមកពីគណបក្សប្រឆាំងបានរួមដៃគ្នាបោះឆ្នោតបណ្ដេញនាយករដ្ឋមន្ត្រីលោក Michel Barnier ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោកស្រី Mathilde Panot ជាមេដឹកនាំក្រុមសមាជិកសភាមកពីគណបក្សឆ្វេងនិយមជ្រុល ឡាហ្វ្រង់ អំាងស៊ូមី (La France Insoumise) បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «យើងអំពាវនាវ ឱ្យលោក ម៉ាក្រុង ចុះចេញពីតំណែង និងជំរុញឱ្យមានការរៀបចំការបោះឆ្នោតប្រធានាធិបតីមុនអាណត្តិ ដើម្បីដោះស្រាយវិបត្តិនយោបាយ»

គួរបញ្ជាក់ថា សមាជិកសភាបារាំងមកពីគណបក្សសាំ្ដនិយមជ្រុល និងឆ្វេងនិយម កាលពីថ្ងៃពុធ ទី៤ ខែធ្នូ បានរួមដៃគ្នាបោះឆ្នោតគាំទ្រលើសំណើដកសេចក្ដីទុកចិត្តប្រឆាំងនឹងនាយករដ្ឋមន្ត្រី លោក Michel Barnier ជាមួយសំឡេងគាំទ្រភាគច្រើន ៣៣១ ក្នុងចំណោមសមាជិកសភាសរុបទាំង៥៧៧រូប។ ដូច្នេះពីឥលូវទៅ លោក Barnier ត្រូវដាក់លិខិតលាលែងចេញពីតំណែងរបស់លោកផ្ទាល់ និងរដ្ឋាភិបាល របស់លោកទាំងមូលទៅកាន់លោកប្រធានាធិបតី Emmanuel Macron។ បើតាមប្រព័ន្ធផ្សព្វផ្សាយបារាំង លោក Barnier ត្រូវបានរំពឹងថានឹងដាក់ពាក្យលាលែងពីតំណែងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះ៕