ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញប្រគល់ពាននិងថវិកាដល់កីឡាករទូក ទទួលបានជ័យលាភី ប្រកួតអ៊ុំទូកចម្រុះ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអ៊ុំទូកបណ្ដែតប្រទីប និងអកអំបុក

កោះកុង÷ រដ្ឋបាលខេត្តកោះកុង រៀបចំពិធីប្រកួតកីឡាទូកប្រពៃណីផ្កាចារ និងទូកនាគ ចំនួន ១៦ទូក ដើម្បីអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ដែលរៀបចំធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមអធិបតីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅបរិវេណសួនច្បារមុខសាលា ខេត្តកោះកុង(ព្រែកកោះប៉ោង) ។

ថ្លែងក្នុងពិធីអបអរអ៊ុំទូកចម្រុះនេះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង លើកឡើងថា ពិធីបុណ្យអ៊ុំទូក អកអំបុក និងបណ្ដែតប្រទីប មិនទឹមតែមាននោះទេ ពិធីនេះគឺមានតាំងពីយូឡុងណាស់មកហើយ ដែលយើងគ្រប់គ្នាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំបន្តរហូតមក។
បន្ទាប់ពិធីប្រកួតអ៊ុំទូក រដ្ឋបាលខេត្តរៀបចំពិធីបណ្ដែតប្រទីប និងអកអំបុក ដោយ មានប្រគុំតន្ត្រី សម្ដែងសិល្បៈរបាំប្រពៃណីខ្មែរ ដើម្បីទទួលអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកនេះផងដែរ។

ទូកដែលមកចូលរួមប្រកួតប្រណាំងថ្ងៃនេះ មានទូកចម្រុះចំនួន ១៦ ទូក មកពីបណ្ដាក្រុង.ស្រុកទាំង៧ រួមទាំងទូករដ្ឋបាលខេត្ត ដែលមានរយៈចម្ងាយ ៥០០ ម៉ែត្រ ក្នុងនោះមានទូកផ្កាចារ ចំនួន ៨ ទូក ទូកនាគ ចំនួន ៨ ទូក ស្មើរនឹង ៨គូ ដើម្បីចូលរួមប្រកួតប្រណាំងដណ្ដើមយកជ័យលាភី ក្នុងពិធីអបអរបុណ្យអុំទូក អកអំបុក និងបណ្ដែតប្រទីប ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ។

សូមបញ្ជាក់ថា ទូកដែលទទួលបានជ័យលាបភី លេខ ១ ទទួលបានពាន១ និងថវិកាចំនួន ៥ លានរៀល គឺទូកផ្កាចារ និងទូកនាគ មកពីស្រុកកោះកុង និងស្រុកមណ្ឌលសីមា។

  • ទូកជាប់ចំណាត់ថ្នាក់លេខ ២ ទទួលបានថវិកាចំនួន ៤ លានរៀល គឺទូកផ្កាចារមកពីស្រុកមណ្ឌលសីមា និងទូកនាគ កីឡា កររបស់រដ្ឋបាលខេត្តកោះកុង។
  • ចំណែកទូកទទួលបានជ័យលាភីលេខ ៣ គឺទូកផ្កាចារ មកពីក្រុងខេមរៈភូមិន្ទ និងទូកនាគ មកពីស្រុកថ្មបាំង ទទួលបានថវិកាចំនួន ៣ លានរៀលដូចគ្នា។
  • ដោយឡែកទូកដែលមិនជាប់ចំណាត់ថ្នាក់ ទទួលបានថវិកាចំនួន ១ លានរៀល ក្នុង ១ ទូក។

ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្ត ដាស់តឿនលើកទឹកចិត្តដល់កីឡាករ ដែលមិនជាប់ចំណាត់ថ្នាក់ សូមកុំបាក់ទឹកចិត្ត ខិតខំប្រឹងប្រែងបន្ត ដើម្បីចូលរួមក្នុងពិធីបុណ្យអ៊ុំទូកឆ្នាំក្រោយៗទៀត៕ ដោយ សេន ពិសិដ្ឋ