អូទ្រីសថា​ រុស្ស៉ីនឹងបញ្ឈប់ការបញ្ជូនឧស្ម័នកាត់តាមអ៊ុយក្រែន​ ចាប់ពីថ្ងៃសៅរ៍នេះ

(វីយេន)៖​ រុស្ស៉ី​បានជូនដំណឹងដល់ប្រទេសអូទ្រីសថា ខ្លួននឹងបញ្ឈប់ការចែកចាយឧស្ម័ន​កាត់តាមអ៊ុយក្រែន​ ចាប់ពីថ្ងៃសៅរ៍​ ទី១៦​ ខែវិច្ឆិកា​នេះតទៅ​ ខណៈដែលវាក៏ជាសញ្ញាបង្ហាញថា​ លំហូរចុងក្រោយនៃឧស្ម័នរបស់ទីក្រុងមូស្គូ​ ទៅកាន់អឺរ៉ុប​កាន់តែជិតដល់ពេលបញ្ចប់ដែរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

អធិការបតីអូទ្រីស​ លោក Karl Nehammer បាននិយាយថា​ ការជូនដំណឹងរបស់ក្រុមហ៊ុន Gazprom របស់រុស្ស៉ីអំពីការបញ្ចប់ការផ្គត់ផ្គង់​ត្រូវបានរំពឹងទុកជាយូរមកហើយ ហើយអូទ្រីស​ ក៏បានត្រៀមលក្ខណៈរួចរាល់ដែរ។​ លោក​Nehammer បានប្រាប់អ្នកយកព័ត៌មានដូច្នេះថា​ គ្មាន​គ្រួសារណា​មួយត្រូវរងានោះទេ កន្លែង​ស្តុក​​​ គឺមាន​ហ្គាសគ្រប់​គ្រាន់។

ផ្លូវនាំចេញឧស្ម័នដ៏ចំណាស់បំផុតរបស់រុស្ស៉ីទៅកាន់អឺរ៉ុប គឺបំពង់បង្ហូរប្រេងមានអាយុកាលតាំងពីសម័យសូវៀត​ ឆ្លងកាត់អ៊ុយក្រែន ក៏នឹងត្រូវបិទនៅចុងឆ្នាំផងដែរ។ រុស្ស៉ី​ នឹងនៅតែផ្គត់ផ្គង់ឧស្ម័នឱ្យតែហុងគ្រី ស្លូវ៉ាគីប៉ុណ្ណោះ​ ដោយហុងគ្រីទទួលបានឧស្ម័នតាមរយៈបំពង់បង្ហូរប្រេង​ ដែលភាគច្រើនឆ្លងកាត់តួកគី។

គួរបញ្ជាក់ថា​ មុនសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡេីង​ រុស្ស៉ីបានបំពេញតម្រូវការឧស្ម័ន​ ៤០ភាគរយរបស់សហភាពអឺរ៉ុប។ អ៊ុយក្រែន​និយាយ​ថា​ ខ្លួន​នឹង​មិន​បន្ត​កិច្ច​ព្រម​ព្រៀង​បញ្ជូនឧស្ម័នឆ្លងកាត់​ជាមួយ​ក្រុមហ៊ុន Gazprom គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៉ីទៀតនោះទេ​ ដេីម្បីដក​ហូត​ប្រាក់​ចំណេញ​ដែល​ជួយ​ផ្តល់​ហិរញ្ញប្បទាន​ដល់​សង្គ្រាម​ ប្រឆាំង​នឹង​ប្រទេសខ្លួន៕