អភិបាលរាជធានីភ្នំពេញ ធ្វើពិធីអកអំបុកនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មានការចូលរួមពីពលរដ្ឋយ៉ាងសប្បាយរីករាយ

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃ១៥កើត ពេញបរមី ខែកត្តិក ឆ្នាំរោងព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឲ្យមានពិធីអកអំបុក នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាបេះដូង និងជានិមិត្តរូបនៃរាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងដោយមានការអញ្ជើញជាអធិតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្វពិធីនេះឡើងវិញ ចំថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ហើយពិធីនេះ ក៏ត្រូវបានរៀបចំធ្វើឡើងវិញ ជាលើកទី២ ក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រី។

នេះក៏ជាព្រះរាជពិធីមួយដែលប្រារព្វនៅក្នុងព្រះរាជវង្សានុវង្ស រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ក៏និយមប្រារព្វពិធីនេះតាមផ្ទះសម្បែងរៀងៗខ្លួន តាមស្ថាប័ន អង្គភាព និងតាមវត្តអារាមផងដែរ។ ចំពោះគ្រឿងរណ្តាប់សំខាន់ដែលគេយកមកប្រើក្នុងពិធីអកអំបុក ដែលមាន អំបុក ចេកទុំ ដូងខ្ចី ផ្កាភ្ញី រួមទាំងគ្រឿងសក្ការៈបូជាមួយចំនូនទៀត។

ពិធីនេះ ភាគច្រើន គេប្រារព្វឡើង នៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ដែលជាថ្ងៃព្រះច័ន្ទរះ ពេញបរមី និងពេញវង់ ហើយពិធីនេះ ក៏បានផ្សាភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបផងដែរ។

សព្វថ្ងៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ត្រូវបានពលរដ្ឋទូទាំងប្រទេសប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថា ជាបុណ្យប្រពៃណីវប្បធម៏ជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។

ទាក់ទងទៅនឹងពិធីនេះដែរ ប្រជាកសិករបានយកស្រូវទុំថ្មីៗទៅលីង ហើយបុករួចអុំយកអង្កាមចេញស្អាតដាក់សែនថ្វាយទេវតាចំពេលព្រះចន្ទរះពេញវង់ ដើម្បីសំដែងការដឹងគុណទេវតាដែលបានប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណីធ្វើឲ្យដំណាំសព្វសារពើដុះដាល ហើយទទួលបានភោគផលកសិកម្មបានច្រើន។ តាមទំនៀមទំលាប់ប្រពៃណី ពេលអកអំបុកគេរងចាំដល់ព្រះខែរះពេញវង់ចំពីលើក្បាលទើបចាប់យកអំបុកទៅជូនអ្នកមានគុណចាស់ទុំមិត្តភ័ក្រអក ក្នុងភាពសប្បាយរីករាយ មុនអកអំបុក គេត្រូវដាក់អំបុកថ្វាយព្រះខែជាមុនសិន ដោយមានអមដោយផ្លែឈើចំរុះ ពិសេសផ្លែដូង ចេកណាំវ៉ាទុំជាដើម ដាក់ថ្វាយជាការដឹងគុណដល់ព្រះពោធិសត្វ ដែលចាប់កំណើតជាសត្វទន្សាយ ដោយមានរូបដិតជាប់ក្នុងរង្វង់ព្រះខែតាមដំណើររឿងព្រេងរវាងព្រាហ្ម និងសត្វទន្សាយជាព្រះពោធិសាត់។ ក្រុមព្រាហ្មណ៍ ក៏ចាប់ផ្តើមសន្យាថា នឹងថ្វាយស្រូវ ផ្លែឈើ ភោគផលកសិកម្មដែលដាំដុះបានក្នុងមួយឆ្នាំៗដាក់ថ្វាយសត្វទន្សាយពោធិសត្វនៅពេលព្រះចន្ទពេញបរមី នាថ្ងៃ១៥កើត ខែកត្តិក ដែលគេអាចមើលឃើញរូបទន្សាយច្បាស់នៅថ្ងៃនោះក្នុងរង្វង់ព្រះខែ។

យោងតាមឯកសារ ដែលផ្សាយលើគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត បានបញ្ជាក់ពីប្រវត្តិ នៃពិធីសំពះព្រះខែ និងអកអំបុក គឺធ្វើឡើងសំដៅគោរពទៅដល់ការសាងបារមីរបស់ព្រះពុទ្ធកាល ដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលកាលនៅក្នុងជាតិមួយនោះ ទ្រង់កើតជាសត្វទន្សាយឈ្មោះថា សសបណ្ឌិត។ ឯកសារដដែលបញ្ជាក់ថា នៅថ្ងៃដែលព្រះចន្ទពេញបរមី ឬពេញវង់ ទន្សាយសសបណ្ឌិតបានធ្វើការអធិដ្ឋានឧបោសថសីលរបស់ខ្លួនដោយបំណងធ្វើជីវិតសម្រាប់បរិច្ចាគ ដើម្បីបំពេញនូវពោធិសម្ភារឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ៕