ភ្ញៀវទេសចរណ៍មកទស្សនាកំសាន្ត ក្នុងទឹកដីនៃខេត្តកោះកុង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក រយៈពេល ៣ថ្ងៃ គួរឱ្យកត់សម្គាល់

កោះកុង÷ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអំបុកខេត្តកោះកុងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ជា ៣១,៤១៨ នាក់ ដែលមកថ្នាក់នៅ និងទស្សនាកំសាន្តតាមតំបន់គោល ដៅទេសចរណ៍នានាដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ។

បើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តកោះកុង បានឲ្យដឹងថាក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុក រយៈពេលបីថ្ងៃគិតចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ភ្ញៀវទេសចរ សរុប ទាំងភ្ញៀវជាតិ និងអន្តរជាតិ ចំនួន ៣១,៤១៨ នាក់ បានកើនឡើងចំនួន ៣,០៥៧ នាក់ ស្មើនឹង ១១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។

  • ក្នុងនោះភ្ញៀវជាតិ ចំនួន ៣០,៨២២ នាក់ កើនឡើង ចំនួន ២,៨៥៤ នាក់ ស្មើនឹង ១០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
    *ភ្ញៀវអន្តរជាតិ ចំនួន ៥៩៦ នាក់ កើនឡើង ចំនួន ២០៣ នាក់ ស្មើនឹង ៥១% ភាពនិងរយៈពេលដូចគ្នាឆ្នាំ ២០២៣។

របាយការណ៍មន្ទីរទេសចរណ៍បានបញ្ជាក់ថា មូលហេតុនៃការកើនឡើងភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យអ៊ុំទូកនេះរដ្ឋបាលខេត្តកោះកុងបានរៀបចំកម្មវិធី ដាល់អំបុក ការប្រគុំតន្ត្រី ប្រកួតសម្រស់ស្ត្រីមជ្ឈឹមវ័យ និងប្រទីបស្អាត អមជាមួយពិពណ៌ផលិតផល ម្ហូបអាហារ និងពិធីបណ្ដែតប្រទីប នៅសួនច្បារមុខសាលា ខេត្តកោះកុង រួមជាមួយស្ថានភាពផ្លូវ ពីររាជធានីភ្នំពេញមកកាន់តំបន់ធ្នេរសមុទ្រជ្រោយស្វាយ ស្រុកស្រែអំបិល និងតំបន់កោះស្ដេច មានភាពងាយស្រួលក្នុងការធ្វើដំណើរ និងចំណាយពេលខ្លី។

គួររំលឹកថា ក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ក្នុងរយៈពេល៣ថ្ងៃនេះ កម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ វណ្ណៈ បានសម្រាកពីការងារ វិលជួបជុំបងប្អូន គ្រួសារ សាច់ញាតិ ដោយក្តីរីករាយ ស្រស់បំព្រង នឹងដើរកំសាន្តទឹកមុខស្រស់ស្រាយ សប្បាយ ក្អះក្អាយគ្រប់ៗគ្នា ដែលជាសក្ខីភាពមួយ នាំមកនៅស្នាមញញឹមនៅមនោសញ្ជេតនាកាន់តែស្និទ្ធស្នាល រវាងបងប្អូន សាច់ញាតិ មិត្តភក្កិ និងក្រុមការងារ ម្យ៉ាងទៀត នាំមកនូវភាពសាមគ្គី កាន់តែជិតស្និទ្ធបន្ថែមទៀត ៕ ដោយ សេន ពិសិដ្ឋ