(ព្រុចសែល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាសហរដ្ឋអាមេរិកមិនបានទទួលព័ត៌មាន ឬបានដឹងជាមុននោះទេថាប្រធានាធិបតីកូរ៉េខាងត្បូង មានបំណងប្រកាសដាក់ចេញ ច្បាប់អាជ្ញាសឹក ហើយថារូបលោកនឹងពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោកនៅប៉ុន្មានថ្ងៃទៀតនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ភាពច្របូកច្របល់បានកើតឡើងនៅទូទាំងប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីលោកប្រធានាធិបតី Yoon Suk Yeol ប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកដែលលោកផ្ទាល់អះអាងថា មានគោលដៅទប់ស្កាត់សកម្មភាពប្រឆាំងរដ្ឋរបស់គណបក្សប្រឆាំង។ ប៉ុន្តែ លោក Yoon បានប្រកាសដកចេញច្បាប់អាជ្ញាសឹកវិញកាលពីព្រឹកថ្ងៃពុធ ក្រោយសមាជិកសភា ១៩០រូប បោះឆ្នោតជំទាស់ និងទាមទារឱ្យ លោកដកច្បាប់អាជ្ញាសឹកនេះចេញវិញជាបន្ទាន់។
ពាក់ព័ន្ធនឹងស្ថានការណ៍នៅកូរ៉េខាងត្បូង លោក Antony Blinken បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយ Reuters កាលពីថ្ងៃពុធ ទី៤ ខែធ្នូ ក្នុងទីក្រុងព្រុចសែលនាឱកាសដែលរូបលោកចូលរួមកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេស NATO ថាជារឿងសំខាន់បំផុតដែលចាប់ពីឥលូវតទៅ ដំណើរការទាំងឡាយប្រព្រឹត្តទៅដោយសន្តិវិធី និងអនុលោមតាមនីតិរដ្ឋនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលជាសម្ព័ន្ធដ៏សំខាន់របស់សហរដ្ឋអាមេរិក។ ប៉ុន្តែ បើតាមលោក Blinken សហរដ្ឋអាមេរិកដែលមានកងទ័ព ២៨ ៥០០នាក់ឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង មិនបានទទួលព័ត៌មាន ឬត្រូវបានជូនដំណឹងពីការសម្រេចចិត្តរបស់លោក Yoon នោះទេ។ «ទេ វាមិនត្រូវ នោះទេ។ យើងមិនបានដឹងជាមុនឡើយ»។ នេះជាការបញ្ជាក់របស់លោក Blinken ជាមួយការច្រានចោលរាល់ព័ត៌មានដែលថាអាចនឹងមានចន្លោះប្រហោងរបស់ចារកម្មអាមេរិក៕