កោះកុងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ

កោះកុង÷ រដ្ឋបាលខេត្តកោះកុង បានរៀបចំកម្មពិធីរត់ប្រណាំង ដើម្បីអបអរសាទរ ខួបលើកទី ៧១ ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ  នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយមានចំនួន ៤ វិញ្ញាសា ផ្ដើមចេញពីវិមានស្ដូប ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងថ្ងៃនេះ អាជ្ញាធរកោះកុងសហការជាមួយវិស័យឯកជនបានបង្កើតព្រឹត្តិការណ៍រត់ប្រណាំងចំនួន ៤ វិញ្ញាសា ដោយទី១ កីឡាករ កីឡាការិនីចូលរួមចំនួន ៩០ នាក់ រត់ចម្ងាយ ៣ គីឡូម៉ែត្រ
វិញ្ញាសាទី២-មានរយៈចម្ងាយ ៧.១ គីឡូម៉ែត្រ កីឡាករចូលរួមរត់ចំនួន ៤៧៦ នាក់។
វិញ្ញាសាទី៣- មានកីឡាករចូលរួមចំនួន ១២ នាក់ រត់ចំងាយ ២១គីឡូម៉ែត្រ
និងវិញ្ញាសារទី៤- រយៈចំងាយ ៤២ គីឡូម៉ែត្រ មានកីឡាករ ចូលរួមរត់ ៤២នាក់។

ខ្លីក្នុងកម្មវិធី ទិវាបុណ្យឯករាជ្យជាតិ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង លើកឡើងថា ការរៀបចំព្រឹត្តិការណ៍ថ្ងៃនេះ អ្នកចូលរួមប្រកួតរត់ប្រណាំង ក៏មានជនបរទេស ចំនួន ៦សញ្ជាតិផងដែរ ដែលមកចូលរួមប្រកួត មាន ថៃ វៀតណាម ចិន ជប៉ុន អាហ្រិកខាងត្បូង និងហ្វីលីពីន។

លោកជំទាវអភិបាលខេត្ត បានគូបញ្ជាក់ថា ការរត់ប្រណាំងនេះមិនត្រឹមតែចូលរួមអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិប៉ុណ្ណោះទេ វាអាចជួយពង្រឹងដល់សុខភាពយើង តាមរយៈការបញ្ចេញជាតិពុលពីក្នុងខ្លួន។

គួរបញ្ជាក់ផងដែលថា ការរៀបចំព្រឹត្តិការណ៍ការរត់ប្រណាំង មានអ្នកចូលរួមរត់ប្រកួតប្រមាណ៧០០ នាក់ ដើម្បីអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ និងជាការជួយពង្រឹងដល់សុខភាព ពិសេសបានបង្ហាញនៅភាពសាមគ្គីយ៉ាងជិតស្និទ្ធ ម្យ៉ាងទៀតដើម្បីរឹតចំណងមិត្តភាព និងបំផុសស្មារតីដល់ប្រជាពលរដ្ឋ ចូលរួមហាត់កីឡាឱ្យបានគ្រប់គ្នា៕ ដោយ ញុឹបសន