ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័តមាន និងជាប្រធានសមាគមន៍សម្ព័ន្ធយុវជនដើម្បីសន្តិភាព ប្រកាសតែងតាំងអគ្គលេខាធិការរងចំនួន ៦ រូបក្នុងសមាគម

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជា ប្រធានសមាគម សម្ព័ន្ធយុវជនដើម្បីសន្តិភាព(ស.ស.យ.ស) ប្រកាសតែងតាំងអគ្គលេខាធិការរងចំនួន ៦ រូបក្នុងសមាគមនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅសាលតូច ក្នុងក្រសួងព័ត៌មាន។ ថ្លែងនៅក្នុងឱកាសនោះ លោក បណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគម បានមានប្រសាសន៍ថា៖ យោង – លិខិតអនុញ្ញាតលេខ ២០៥៤ ប្រក. ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។ សេចក្តីសម្រេចនៅនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលសមាគម នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។  

លោក បណ្ឌិត បានមានប្រសាសន៍បន្តថា៖ បេសកកម្មចាំបាច់ របស់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ក្នុងទិសដៅការពារឱ្យបាននូវសុខសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍធនធានមនុស្ស អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្តល់ ឱកាសការងារ គាំពារសុខុមាលភាព និងលើកស្ទួយជីវភាពរស់នៅរបស់យុវជន លើកទឹកចិត្ត និង គាំទ្រយុវជនឱ្យស្រឡាញ់ មានសាមគ្គីភាពគ្នា ចូលរួមកិច្ចការងារសង្គមកិច្ច និងមនុស្សធម៌នានា។   ដូចគ្នានេះដែរ ថ្លែងនៅក្នុងពិធីសួរសុខទុក្ខ សមាជិក សមាជិកា ដែលបានមកចូលរូមប្រជុំនាឱកាសនោះ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគម សម្ព័ន្ធយុវជនដើម្បីសន្តិភាព(ស.ស.យ.ស) បានមានប្រសាសន៍ថា៖ដើម្បីចូលរួមគាំទ្រ គោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ និង នីតិកាលបន្តបន្ទាប់ទៀត។ ក្នុងគោលដៅជម្រុញកំណើនសេដ្ឋកិច្ចជាតិអោយកាន់តែរីកចំរើន នាពេល បច្ចុប្បន្ន និង អនាគត។ សមាគមន៍សម្ព័ន្ធយុវជនដើម្បីសន្តិភាព(ស.ស.យ.ស) បានត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនិងការអភិវឌ្ឍន៍ លើវិស័យសេដ្ឋកិច្ច និង ធនធានមនុស្ស សំដៅធ្វើការយ៉ាងណា ដើម្បីបណ្តុះបណ្តាលធនធានយុវជនឲ្យមានចំណេះដឹង និង ជំនាញឲ្យពិតប្រាកដ សម្រាប់ថ្ងៃអនាគតរបស់ពួកគេ។   

ឯកឧត្តម សុខ ចាន់ភក្តី បានផ្តល់អនុសាសន៍ ដល់ លោកអគ្គលេខាធិការ និង អគ្គលេខាធិការរង នៃ(ស.ស.យ.ស)ដែលបាន ទទួលផែន នីមួយៗ មានដូចជាៈ ផែនរដ្ឋបាល និង សាងសង់,ផែនទំនាក់ទំនងជាតិ និង អន្តរជាតិ,ផែនធនធានមនុស្ស,ផែនព័ត៌មាន និង ផែនហិរញ្ញវត្ថុ ធ្វើយ៉ាងណាដើម្បីឲ្យ អគ្គលេខាធិការរង ទាំងអស់យល់ដឹងអំពីតួនាទីភារៈកិច្ចរបស់ខ្លួន និង មានការទំនាក់ទំនង់គ្នា ចាប់ពីថ្នាក់កណ្តាល រហូតដល់ ថ្នាក់មូលដ្ឋាន (ថ្នាក់ខេត្ត)។ តម្រូវឱ្យ ថ្នាក់កណ្តាលត្រូវបើកកិច្ចប្រជុំរៀងរាល់៣ ខែម្តង ឬ ៦ខែម្តង ។ ចំណែកថ្នាក់មូលដ្ឋាន(ថ្នាក់ខេត្ត) ត្រូវបើកកិច្ចប្រជុំរៀងរាល់៦ខែម្តង ដើម្បីធ្វើរបាយការណ៍ បង្ហាញព័ត៌មានឬសកម្មភាពចាំខែ។   សូមបញ្ជាក់ថា៖នៅចុងបញ្ចប់ក្នុងពិធី សំណេះសំណាល សួរសុខទុក្ខ នេះដែរ ឯកឧត្តម សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធ យុវជនដើម្បីសន្តិភាព (ស.ស.យ.ស) បានរៀបចំកម្មវិធី ប្រគល់ជូនលិខិត ប្រកាសតែងតាំង អគ្គលេខាធិការ និង អគ្គលេខាធិការរង ចំនួន៦រូប ព្រមទាំងរៀបចំពិធីពិសារអាហារថ្ងៃត្រង់ដើម្បីបង្កើតឲ្យមានភាពស្និទ្ធស្នាលនិងបរិយាកាសរីករាយផងដែរ៕