សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ថានីយ៍ចម្រោះទឹកស្អាត និងថ្លែងអំណរគុណដល់ក្រុមហ៊ុនអ៊ីនត្រាកូ ជូនដល់វិទ្យាល័យក្រុងកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ចម្រោះទឹកស្អាត ដែលឧបត្ថម្ភដោយក្រុមហ៊ុន «ភាគហ៊ុនរួមគ្នា ជំរុញការវិនិយោគ និងអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាព (ស៊ីបកូ)» ដែលជាក្រុមហ៊ុនមួយដ៏ធំ ធ្វើការងារ ដើម្បីកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់ និងការការពារបរិស្ថាន នៅក្នុងបណ្តាប្រទេសមួយចំនួន នៅអាស៊ីអាគ្នេយ៍ នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ចម្លោះទឹកស្អាត នៅសាលាវិទ្យាល័យក្រុងកំពង់ឆ្នាំងនេះ បានសរបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាពសុខភាពចម្បងរបស់សិស្សានុសិស្សទូទាំងខេត្ត។ ស្ថានីយ៍ចម្លោះទឹកស្អាតពិត ជាមានអត្ថប្រយោជន៍ច្រើនណាស់ដូចជា៖

ទី១៖ សាលាទទួលបានទឹកស្អាតមានគុណភាព គ្មានមេរោគ សុវត្ថិភាពសម្រាប់សិស្សបរិភោគ និងមិនប៉ះពាល់ដល់សុខភាពសិស្ស
ទី២៖ កាត់បន្ថយការចំណាយ ថវិកាទិញទឹកបរិភោគរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស
ទី៣៖ កាត់បន្ថយការប្រើប្រាស់ដប ទឹកប្លាស្ទិក ដែលជាចំណែកមួយដ៏សំខាន់ ក្នុងការជួយដល់បរិស្ថាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកនៅក្នុងបរិវេណសាលារៀន។

តាមការលើកឡើងរបស់លោក ហ័ង អាញ់យុង នាយកក្រុមហ៊ុនអ៊ិនត្រាកូ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ីបកូ បានបញ្ជាក់ថា នៅកម្ពុជា ក្រុមហ៊ុនអ៊ីនត្រាកូ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ ស៊ីបកូ បាននិងកំពុងអនុវត្ត គម្រោងចែកចាយចង្ក្រានសំចៃថាមពល ចំនួន៣៥ម៉ឺន និងធុងចម្រោះទឹក ចំនួន១៥ម៉ឺន ជូនដល់ប្រជាពលរដ្ឋ។

ក្រុមហ៊ុនស៊ីបកូ មានគម្រោងសាងសង់ស្ថានីយ៍ចម្រោះទឹកពិសា ជូនដល់សាលា ក្នុងប្រទេសកម្ពុជា ចំនួន១៥០ នៅក្នុងដំណាក់កាលឆ្នាំ២០២៥-២០២៦ និងមានគម្រោងផែនការ ចែកចាយធុងចម្រោះទឹកស្អាតចំនួន៨៥ម៉ឺន និងចង្ក្រានសន្សំសំចៃថាមពលចំនួន ៤៥ម៉ឺន នៅក្នុងដំណាក់កាលឆ្នាំ២០២៥-២០២៧ មិនគិតថ្លៃ ដោយផ្តល់អាទិភាព ចំពោះគ្រួសារដែលនៅ ប្រើអុសសម្រាប់ចម្អិនអាហារ និងមិនទាន់មានប្រភព ទឹកពិសាសុវត្ថិភាព។

តាមរយៈសកម្មភាពទាំងនេះ នឹងបានចូលរួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាពិសេសគឺចំពោះនារី និងកុមារ និងកាត់បន្ថយការកាប់ដើមឈើ មកធ្វើអុសចម្អិនអាហារ និងជាការរួមចំណែក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ថ្លែងទៅកាន់អង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងថា បច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បានក្លាយទៅជាបញ្ហាធំរបស់សកលលោក ហើយបាន និងកំពុងតែទទួលរងនូវគ្រោះ មហន្តរាយយ៉ាងធ្ងន់ធ្ងរ ដោយសារការប្រែប្រួលអាកាសធាតុនេះ។ ទោះបីកម្ពុជា មិនមែនជាប្រទេសដែលមានឧស្សាហកម្មរីកចម្រើន ជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចក៏ពិតមែន តែកម្ពុជាបានរងនូវផលប៉ះពាល់អំពីការប្រែប្រួល អាកាសធាតុដូចជាទឹកជំនន់ ខ្យល់ព្យុះ រាំងស្ងួត ការកើនកំដៅ។ល។ ដែលនាំឱ្យប៉ះបាល់ដល់អាយុជីវិតមនុស្ស សត្វ ដំណាំកសិកម្ម ទ្រព្យសម្បត្តិ ជាហេតុនាំឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍។

រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមាន ក្រសួងបរិស្ថានជាសេនាធិការ បានមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពារបរិស្ថាន ដោយបានដាក់ចេញនូវផែនការសកម្មភាពចាំបាច់ចម្បងៗ  យុទ្ធសាស្ត្ររយៈពេល វែង យុទ្ធនាការបណ្តុះនិងដាំកូនឈើ១លានដើមក្នុងមួយឆ្នាំ យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន។ល។ ដើម្បីពង្រីកគម្របព្រៃឈើ ទប់ស្កាត់ការប្រែប្រួល អាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់អង្គពិធីទាំងមូល ដូចតទៅ៖

១៖ អ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយ សេចក្តីណែនាំក៏ដូចជាផែនការសកម្មភាព របស់រាជរដ្ឋាភិបាលឱ្យបានជោគជ័យ។
២៖ ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ ត្រូវរួមគ្នាថែរក្សា ការពារស្ថានីយ៍បូមទឹកនេះឱ្យបានល្អ ដើម្បីប្រើប្រាស់យូរអង្វែង។
៣៖ ត្រូវខិតខំការពារបរិស្ថានឱ្យបានស្អាត ថែរក្សាសុខភាព អនាម័យ ខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សល្អសម្រាប់បន្តវេនក្នុងការដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិ។
៤៖ ពង្រឹង ពង្រីកសាមគ្គីភាព មិត្តភាព រក្សាទំនាក់ទំនងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕