(ភ្នំពេញ)៖ របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទទួលបាននៅថ្ងៃទី៥ ខែធ្នូនេះបានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥ ៥៦២តោន ទទួលបានចំណូល៤១៣លានដុល្លារអាមេរិក។
ការនាំចេញអង្ករនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៧ ដែលក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៨៣ ៩៨១ តោន គិតជាទឹកប្រាក់ចំនួន ២០៧.៥៥ លានដុល្លារ ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១០៩ ៤៤៨ តោន គិតជាទឹកប្រាក់ចំនួន ៦៩.៩៧ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ១១៣ ៧៩២ តោន គិតជាទឹកប្រាក់ចំនួន ៧៦.៣៤ លានដុល្លារ និងទៅកាន់គោលដៅ ៣១ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៦៨ ៣៤១ តោន គិតជាទឹកប្រាក់ចំនួន ៦០.០៤ លានដុល្លារ។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៤.៨៥% ប្រភេទអង្ករស ធម្មតា ២០.១០% អង្ករចំហ៊ុយ ២.៩៥% អង្ករសរីរាង្គចំនួន ១.៨១% និងអង្ករផ្សេងៗចំនួន ០.២៩% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ៦៤២ ៥១១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៣៧៨.៧៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ៨៨% បាននាំចេញដោយឆ្លងកាត់ការស្នើសុំ ការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕