ការបោះឆ្នោតលើនីតិវិធីដកតំណែងប្រធានាធិបតីកូរ៉េខាងត្បូង នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍

(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ថាការបោះឆ្នោតលើសំណើដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក Yoon Suk Yeol នឹងត្រូវធ្វើឡើងនៅម៉ោង ៧៖០០នាទីយប់ ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារសារព័ត៌មាន Yonhap ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើលោក Jo Seoung-lae ជាសមាជិកសភាមកពីគណបក្សប្រឆាំង។ សមាជិកសភារូបនេះបានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ដូច្នេះថា «ការបោះឆ្នោតលើសំណើដំណើរការនីតិវិធីដកដំណែងលោកប្រធានាធិបតី Yoon នឹងត្រូវធ្វើឡើងនៅម៉ោង ៧៖០០នាទីយប់ ថ្ងៃសៅររ៍ (ទី៧ ខែធ្នូ)»។

គួរបញ្ជាក់ថា ភាពច្របូកច្របល់បានកើតឡើងនៅទូទាំងប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីលោកប្រធានាធិបតី Yoon Suk Yeol ប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកដែល លោកផ្ទាល់អះអាងថាមានគោលដៅទប់ស្កាត់សកម្មភាពប្រឆាំងរដ្ឋរបស់គណបក្សប្រឆាំង។ ប៉ុន្តែ លោក Yoon បានប្រកាសដកចេញច្បាប់អាជ្ញាសឹកវិញកាលពីព្រឹកថ្ងៃពុធ ក្រោយសមាជិកសភា ១៩០រូប បោះឆ្នោតជំទាស់ និងទាមទារឱ្យលោកដកច្បាប់អាជ្ញាសឹកនេះចេញវិញជាបន្ទាន់៕