ជាសញ្ញាចង់បន្តកាន់អំណាច លោក Yoon តែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានទទួលពាក្យសុំលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ហើយបានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំ អារ៉ាប៊ីសាអូឌីត លោក Choi Byung-hyuk ជារដ្ឋមន្ត្រីការពារជាតិថ្មី។ នេះបើតាមការប្រកាសរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ​ ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Kim Yong-hyun ដែលបានសុំលាលែងចេញពីតំណែងកាលពីថ្ងៃពុធម្សិលមិញ ត្រូវបានរាយការណ៍ថាជាមនុស្សម្នាក់ដ៏សំខាន់ដែលមានជាប់ពាក់ព័ន្ធនឹងការសម្រេចចិត្តប្រកាសដាក់ចេញ ច្បាប់អាជ្ញាសឹករបស់លោក Yoon កាលពីយប់ថ្ងៃអង្គារ មុននឹងច្បាប់នេះត្រូវបានដកចេញវិញនៅព្រឹកថ្ងៃពុធ។ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ និងសមាជិកបក្សប្រឆាំងដែលបានដាក់សំណើដំណើរការនីតិវិធី ដកតំណែងលោក Yoon បាននិយាយថាលោក Kim គឺជាអ្នកផ្ដល់យោបល់ឱ្យលោក Yoon ដាក់ចេញច្បាប់អាជ្ញាសឹក។

លោក Kim Yong-Hyun កាលពីថ្ងៃពុធ បានចេញមុខសុំទោសប្រជាជន និងបានស្នើសុំលាលែងចេញពីមុខតំណែង ក្រោយជាប់ពាក់ព័ន្ធ ក្នុងការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ដែលទទួលបរាជ័យ របស់ប្រធានាធិបតីលោក Yoon Suk Yeol។

លោក Kim បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ជាដំបូង ខ្ញុំសូមបង្ហាញការស្តាយក្រោយជាខ្លាំង និងសូមទទួល​ខុសត្រូវទាំងស្រុង សម្រាប់ភាពជ្រួលច្របល់ និងក្តីព្រួយបារម្ភ ដែលបានបង្កឡើងចំពោះសាធារណជនទាំងអស់ ពាក់ព័ន្ធទៅនឹងច្បាប់អាជ្ញាសឹក… ខ្ញុំបានទទួលខុសត្រូវយ៉ាងពេញលេញ សម្រាប់បញ្ហានានា ដែលទាក់ទិននឹងច្បាប់អាជ្ញាសឹក ហើយបានដាក់ពាក្យសុំលាលែងពីតំណែងទៅកាន់លោកប្រធានាធិបតី»

គួរបញ្ជាក់ថា លោក Kim Yong-Hyun ទើបតែឡើងកាន់តួនាទី​ជាប្រមុខការពារជាតិកូរ៉េខាងត្បូង កាលពីខែកញ្ញា ឆ្នាំនេះប៉ុណ្ណោះ៕