ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយ​ចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកតាន់ស្រ៊ី​ មីសែល យ៉ាវ ( Tan Sri Micheal Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រប្រចាំតំបន់អាស៊ី​ប៉ាស៊ី ហ្វិក (KSI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសូហ្វី​តែល រាជធានីភ្នំពេញ

ក្នុងជំនួបនោះ លោកប្រធានវិទ្យាស្ថាន KSI បានគោរពជម្រាបជូនសម្ដេច​បវរធិប​តី អំពីដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូល «សេដ្ឋកិច្ច និងបច្ចេកវិទ្យា​ចិន​សកល​ឆ្នាំ២០២៤» នៅកម្ពុជា ដែលមានការចូលរួមពីធុរជនជាច្រើនមកពីទ្វីបអឺរ៉ុប អាស៊ី និងបណ្ដាប្រទេសធំៗ ដូចជាចក្រភពអង់គ្លេស អាល្លឺម៉ង់ អូស្រ្ដាលី​ ជប៉ុន ចិន និង​បណ្ដាប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ាន។ កិច្ចប្រជុំកំពូលនេះមានគោល​បំណង​បង្កើតជាវេទិកាមួយដើម្បីផ្ដល់ឱកាសដល់ធុរជន និងវិនិយោគិនបរទេស​បាន​​ស្វែងយល់កាន់តែច្បាស់ថែមទៀតអំពីកាលានុវត្តភាព និងសក្ដានុពលនៃការ​វិនិយោគនៅកម្ពុជា ហើយបណ្ដាវិនិយោគិនដែលមានវត្តមាននៅ​ក្នុងកិច្ចប្រជុំ​កំពូល​នេះ ក៏មានបំណងវិនិយោគនៅកម្ពុជាផងដែរ។

ជាមួយគ្នានោះ លោកប្រធានក៏បានគូសបញ្ជាក់ថា​ វិទ្យាស្ថាន​ KSI នឹងអាច​ចូលរួម​ជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ លោកប្រធានវិទ្យាស្ថាន​មាន​ជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ​ និងភាពឈ្លាសវៃ​របស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅ​កម្រិតខ្ពស់មួយ​ថែមទៀត

ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់​វិទ្យា​ស្ថាន KSI ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះនៅកម្ពុជា និងបានគូសបញ្ជាក់ថា​ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​-ដំណាក់​កាល​ទី​១​ ដេីម្បី​កំណើន​ ការងារ សមធម៌ប្រសិទ្ធភាព​ និងចីរភាព។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ផងដែរថា ការជំរុញកំណើនសេដ្ឋកិច្ច គឺជា​អាទិ​ភាព​ចម្បង​របស់រដ្ឋាភិបាលកម្ពុជា ហើយវិស័យឯកជនបានដើរតួនាទីគន្លឹះ​ក្នុងការ​បង្កេីតការងារ​ ដេីម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ​កម្ពុជាឱ្យកាន់តែល្អប្រសេីរ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹម​នឹងនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ​ យន្តការ​ចាំបាច់​នា​នា និង​ការលេីកទឹកចិត្តដើម្បីធានាបរិយាកាសវិនិយោគប្រកប​ដោយភាពប្រកួត​ប្រជែង និងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី​ និងពហុភាគី សំដៅធានានូវភាពជោគជ័យ និងកាលា​នុវត្ត​ភាពកាន់តែច្រើនថែមទៀត សម្រាប់វការវិនិយោគនៅកម្ពុជា៕