សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបាន ពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់​តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ពានរង្វាន់នេះ ត្រូវបានថ្នាក់ដឹកនាំវិទ្យាស្ថាន KSI ប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័ន​ឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និង​សង្គម​ស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមាន​ឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរ​ឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីទ និងវេទិកាដែលមាន​ឥទ្ធិពល និងប្រកបដោយនវានុវត្តន៍ ដោយមានការចូលរួមពីសំណាក់អ្នករៀប​ចំគោល​នយោបាយ ប្រធានក្រុមធុរកិច្ច និងអ្នកដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាង ៣ពាន់នាក់ តាមរយៈព្រឹត្តិការកម្រិតខ្ពស់ជាង៦០ ចាប់តាំងពីចុងឆ្នាំ២០១៨មក។ បច្ចុប្បន្ន KSI គឺជាលេខាធិការសម្រាប់ក្លឹបសេដ្ឋកិច្ចដ៏ល្បីល្បាញ​នៃទីក្រុង​គូឡាឡាំពួ ក្លឹបសេដ្ឋកិច្ចអាស៊ាន (AEC) និងវេទិកាសន្ទនា Rakyat។

វិទ្យាស្ថានតែងធ្វើការវាយតម្លៃ និងផ្តល់នូវពានរង្វាន់ក្នុងភាពជា អ្នកដឹកនាំ ដល់មេ​ដឹកនាំប្រទេស អ្នកជំនួញ និងអង្គការសង្គមស៊ីវិលលើសមិទ្ធផលការងារ​របស់​ពួក​គេ។

ការសម្រេចផ្តល់ពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ជូនសម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បាន​សិក្សា និងវាយតម្លៃ​យ៉ាង​ល្អិតល្អន់ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចមហាបវរធិបតី។

វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈ​មន​សិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ក្នុងការដឹកនាំប្រទេសរយៈ​ពេល​ជាងមួយឆ្នាំកន្លងមកនេះ ក្នុងការបន្តរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងជំរុញកំណើនសេដ្ឋកិច្ចចេញពីវិបត្តិសាកល ដោយរក្សា​បាន​​យ៉ាងល្អនូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច។ ជាពិសេសមិទ្ធផលនៃការដឹកនាំរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំឱ្យមានការពេញចិត្តខ្លាំងពីសំណាក់ប្រជា​ពល​រដ្ឋ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅ វិទ្យាស្ថាននេះ បានប្រគល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ជូនសម្តេចតេជោ ហ៊ុន សែន ផងដែរ៕