រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន ស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ ត្រូវបន្ដខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបន្ថែមទៀតដែលក្រសួងផ្ដល់ជូន

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែក លោក លោកស្រី ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីររអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom Meeting)។

យោងតាមសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារដោយលោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញអំពីលទ្ធផលសម្រេចបាននៅក្នុងខែវិច្ឆិកា និងវឌ្ឍនភាពជារួមក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២៤ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ សម្រេចបានវឌ្ឍនភាពក្នុងខែ ៩,៣៣% និងវឌ្ឍនភាពជារួមសម្រេចបាន ៩០,៦១% ធៀបនឹងផែនការប្រចាំឆ្នាំ, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សម្រេចបានវឌ្ឍនភាពក្នុងខែ ៤,៧៩% និងវឌ្ឍនភាពជារួមសម្រេចបាន ៩០,៦៤% ធៀបនឹងផែនការប្រចាំឆ្នាំ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច សម្រេចបានវឌ្ឍនភាពក្នុងខែ ១៤,៦៦% និងវឌ្ឍនភាពជារួមសម្រេចបាន ៩៦,៦៥% ធៀបនឹងផែនការប្រចាំឆ្នាំ, និង ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបានវឌ្ឍនភាពក្នុងខែ ៩,០៨% និងវឌ្ឍនភាពជារួមសម្រេចបាន ៩២,២៤% ធៀបនឹងផែនការប្រចាំឆ្នាំ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងទិសដៅការងារបន្ដរួចមក លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងនៅរាជធានី ខេត្ត ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រីបានស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ ត្រូវបន្ដខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដែលក្រសួងផ្ដល់ជូន ដើម្បីបង្កើតសមិទ្ធថ្មីៗបន្ថែមទៀត ក្នុងគោលដៅរួមចំណែកជាមួយសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕