ទីប្រឹក្សាលោក Khamenei ថាអ៉ីរ៉ង់ កំពុងត្រៀមលក្ខណៈសងសឹកអ៉ីស្រាអែល

(តេហេរ៉ង់)៖ លោក Ali Larijani ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ បាននិយាយក្នុងបទសម្ភាសន៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ទីក្រុងតេហេរ៉ង់ កំពុងត្រៀមលក្ខណៈ ដើម្បីសងសឹកអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។

កាលពីថ្ងៃទី២៦ ខែតុលា យន្តហោះចម្បាំងអ៉ីស្រាអែល បានវាយប្រហារ ៣លើកទៅលើគោលដៅយោធាអ៉ីរ៉ង់ ប៉ុន្មានសប្តាហ៍បន្ទាប់ពីអ៉ីរ៉ង់ បាញ់មីស៉ីលជិត ២០០គ្រាប់ប្រឆាំងអ៉ីស្រាអែល។ អ៉ីរ៉ង់​​ ប្តេជ្ញា​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ ប៉ុន្តែមិនទាន់បានធ្វើទេចាប់តាំងពីពេលនោះមក។ ដោយ​មិន​​ផ្តល់​ព័ត៌មាន​លម្អិត លោក​ Larijani គូសបញ្ជាក់​ថា «ការសងសឹករបស់អ៉ីរ៉ង់ ​គឺនឹងដើម្បីស្តារសមត្ថភាពរារាំងទប់ស្កាត់ របស់ខ្លួនឡើងវិញ»។

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល កាលពីថ្ងៃទី២៦ ខែតុលា បានកំណត់ចំគោលដៅសំខាន់ៗរបស់យោធាអ៉ីរ៉ង់ រួមទាំងទីតាំងផលិតមីស៉ីល ប្រព័ន្ធការពារដែនអាកាស និងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ ហើយធ្វើឱ្យភាពតានតឹងរវាងប្រទេសទាំងពីរ កាន់តែកើនឡើង៕