សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា អ្នកវិនិយោគ និងអ្នកទេសចរនឹងមិនមកប្រទេសដែលមានសញ្ញាក្រហម «ប្រយ័ត្នគ្រាប់មីន» នោះទេ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជឿជាក់យ៉ាងមុតមាំថា អ្នកវិនិយោគ និងអ្នកទេសចរនឹងមិនមកប្រទេសដែលមានសញ្ញាក្រហម «ប្រយ័ត្នគ្រាប់មីន» នោះទេ។

ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មីនបានបង្កផលប៉ះពាល់ពីសង្រ្គាមលើសតិអារម្មណ៍ និងស្មារតីមានភាពធ្ងន់ធ្ងរដូចគ្នា ដូច្នេះគ្មានអ្នកណានឹងមកប្រទេសដែលមានសញ្ញាក្រហម «ប្រយ័ត្នគ្រាប់មីន» នោះទេ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ប្រាកដណាស់ ទាំងអ្នកវិនិយោគ និងអ្នកទេសចរនឹងមិនមកប្រទេសដែលមានសញ្ញាក្រហម ប្រយ័ត្នគ្រាប់មីន នោះទេ ផលប៉ះពាល់ពីសង្រ្គាមលើសតិអារម្មណ៍ និងស្មារតីមានភាពធ្ងន់ធ្ងរដូចគ្នា ការរស់នៅជាមួយគ្រាប់មីនបានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើនមានភាពលំបាកក្នុងការទទួលយកការពិតនៃសន្តិភាព និងនឹកស្រមៃដល់អនាគតដ៏ភ្លឺស្វាង»

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ថែមទៀតថា ស្លាកស្នាមដែលគ្រាប់មីនបានបន្សល់ទុក ទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជាការរំលឹកប្រចាំថ្ងៃអំពីភាពរន្ធត់ កាលពីអតីតកាល។

ក្នុងឱកាសនោះ សម្ដេចបានរំលឹកថា វឌ្ឍនាភាពដ៏ថ្លៃថ្លារបស់កម្ពុជា ក្នុងសកម្មភាពដោះមីននឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការជួយគាំទ្រពីសហគមន៍អន្តរជាតិ តាមរយៈភាពជាដៃគូជាមួយប្រទេស និងអង្គការម្ចាស់ជំនួយ ដែលបានផ្ដល់នូវកិច្ចគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្ត យើងបានបោះជំហានដ៏សំខាន់ក្នុងការសម្រេចគោលដៅ។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, មកទល់បច្ចុប្បន្ននេះ កម្ពុជាបានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់។ កម្ពុជាក៏បានបោសសម្អាតមីនលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្តអស់មីន ហើយចំនួនជនរងគ្រោះបានធ្លាក់ចុះពីមធ្យមជាង ៤.៣០០នាក់ ក្នុងមួយឆ្នាំក្នុងឆ្នាំ ១៩៩៦ មកតិចជាង ១០០នាក់ ក្នុងមួយឆ្នាំក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។

សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី ថ្លែងទៅកាន់អង្គវេទិកាទាំងមូលថា ​សូមអនុវត្តការប្តេជ្ញាចិត្តនេះ មិនត្រឹមតែជាគោលដៅសម្រាប់មនុស្សជំនាន់នេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសន្យាសម្រាប់អ្នកជំនាន់ក្រោយផងដែរ និង សូមឲ្យសន្និសីទនេះក្លាយជាឱកាសដ៏មានអត្ថន័យមួយ ដោយសេចក្ដីមេត្តា និងគោលបំណងរួម នឹងចូលរួមកសាងពិភពលោកមួយដែលគ្មានគ្រោះថ្នាក់ដោយសារគ្រាប់មីន៕