ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូល​សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល

Oplus_131072

(ភ្នំពេញ)៖ វិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) សហកាជា​មួយស្ថាប័ន និងអង្គការដៃគូជាច្រើនទៀតរបស់ចិន រៀបចំកិច្ចប្រជុំកំពូលស្តីពី​សេដ្ឋ​កិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកលរយៈពេលពេញមួយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីបើកកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

Oplus_131072

បន្ទាប់ពីពិធីត្រូវបានបើកជាផ្លូវការរួចរាល់ នឹងមានកិច្ចប្រជុំនឹងបន្តជាមួយ​កិច្ចប្រជុំ​ពេញអង្គចំនួន៣វគ្គ ដោយពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៣។ កិច្ចពិភាក្សានឹងចូលរួម​ដោយអ្នកជំនាញនៅកម្ពុជា ម៉ាឡេស៊ី និងប្រទេសចិន។

កិច្ចប្រជុំពេញអង្គទាំង៣វគ្គនោះរួមមាន៖

កិច្ចប្រជុំពេញអង្គវគ្គទី១៖ ពិភាក្សាលើប្រធានបទ «ប្រទេសចិន ភាពបៃតងនៃ BRI និង RCEP៖ ការរៀបចំផែនការអនាគត និងការពន្លឿនភាពជាដៃគូ»

កិច្ចប្រជុំនេះ នឹងពិភាក្សាពីបញ្ហាពិភពលោកពហុប៉ូលថ្មី បង្ហាញពីបញ្ហាប្រឈមថ្មី​ជា​​មួយនឹង​ការផ្លាស់​ប្តូរអំណាច​សកលដែលកើតចេញពីការកើនឡើងនៃអំណាច​របស់​ប្រទេសចិន។ ពិភពលោកក្លាយជា VUCA កាន់តែខ្លាំងឡើង ងាយនឹងបង្ក​ជាហេតុ (volatile) មិនច្បាស់លាស់ (uncertain) ស្មុគស្មាញ (complex) និង​មិនមានការសម្រេចចិត្តច្បាស់លាស់ (ambiguous)។ តើ​អាស៊ាន​អាច​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​បញ្ហា​ប្រឈម​ភូមិសាស្ត្រ​នយោបាយ​ទាំងនេះ? តើចិនមាន​តួនាទី​អ្វី? តើ BRI អាចពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់អាស៊ី​យ៉ាងដូចម្តេច? តើយើងអាចប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសដោយរបៀបណា? តើយើងអាច​បង្កើន​ឱកាសពី RCEP យ៉ាងដូចម្តេច? តើ FTA អាចបង្កើតឱកាសថ្មីដោយ​របៀប​ណា?

កិច្ចប្រជុំពេញអង្គវគ្គទី២ ពិភាក្សាលើប្រធានបទ «ឌីជីថល កំណើនបៃតង និង​និរន្តរ​ភាព៖ បញ្ហាប្រឈម និងឱកាសនៅក្នុងសេដ្ឋកិច្ចថ្មី»

កិច្ចប្រជុំនេះនឹងពិភាក្សាទៅលើបញ្ហាសេដ្ឋកិច្ចថ្មី ឌីជីថលភាវូបនីយកម្ម និងនិរន្តរ​ភាព​គឺជាកត្តាជំរុញដ៏សំខាន់។ នៅពេលដែលពិភពលោកងាកទៅរកសេដ្ឋកិច្ច​បៃ​តង ចិន និងអាស៊ាន ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការក្នុងថាមពលកកើត​ឡើង​វិញ និងសកម្មភាពអាកាសធាតុ តាមរយៈចំណុចស្នូលនៃកំណើនបៃតង។ ទន្ទឹម​នឹងនេះ បច្ចេកវិទ្យាឌីជីថល Ai និង internet of things នឹងជំរុញចិន និង​អាស៊ាន​ឆ្ពោះទៅមុខក្នុងសេដ្ឋកិច្ចឌីជីថល។ តើ​ចិន​ និង​អាស៊ាន​អាច​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​បរិវត្តកម្ម​ឌីជីថល​ដោយ​របៀប​ណា?

កិច្ចប្រជុំពេញអង្គវគ្គទី៣ នឹងពិភាក្សាលើប្រធានបទ «តួនាទីរបស់សហគ្រិន និង​វិនិយោគិនចិន នៅក្រៅប្រទេសក្នុងការជំរុញការវិនិយោគផ្ទាល់ពីបរទេស៖ សហ​គ្រិន​ភាព ការចាប់ផ្តើមអាជីវកម្ម និងអាជីវកម្មគ្រួសារ»

កិច្ចប្រជុំនឹងពិភាក្សាពីបញ្ហាជនជាតិចិនដែលចំណាកស្រុកនៅក្រៅប្រទេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងវិបុលភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោក។ តើ​ជន​ចំណាកស្រុកទាំងនេះ អាច​​បន្ត​រួម​ចំណែក​ដល់​កំណើន​ពិភពលោក និង​ក្នុង​តំបន់​ដោយ​របៀប​ណា? តើធ្វើ​ដូចម្តេចដើម្បីលើកទឹកចិត្តសហគ្រិនភាព នវានុវត្តន៍ និងការចាប់ផ្តើមអាជីវកម្ម?

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ដែលពីមុន ត្រូវបាន គេស្គាល់ថា ជាកិច្ចប្រជុំកំពូលសេដ្ឋកិច្ចពិភពលោករបស់ចិន គឺជាវេទិកាអន្តរជាតិ​ដ៏សំខាន់មួយដែលផ្តោតលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម​រវាងប្រទេសចិន អាស៊ាន និងប្រជាជនចិនទូទាំងពិភពលោក។ កិច្ចប្រជុំ​កំពូលនេះ​ក៏ជួយសម្រួលដល់ការសិក្សានៃវប្បធម៌ចម្រុះ និងការផ្លាស់ប្តូររវាងទស្សន​វិស័យ​លោកខាងកើត និងលោកខាងលិច។

ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំ​ឡើង​នៅក្នុងទីក្រុងនានា រួមមានទីក្រុង Kuala Lumpur, Melbourne, ទីក្រុង​ឡុងដ៍, Melaka, Penang, ទីក្រុង Chongqing, ទីក្រុងប៉េកាំង, ទីក្រុង Shenzhen, ទីក្រុងហុងកុង និងម៉ាកាវ។

ការប្តូរឈ្មោះទៅកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់នៃបច្ចេកវិទ្យា ជាពិសេសនវានុវត្តន៍ឌីជីថល និងភាពបៃតង ដែលជា​កត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចនាពេលអនាគត។ វាក៏លើកឡើងនូវតម្រូវ​ការ​ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ និរន្តរភាព និងការផ្លាស់ប្តូរភូមិសាស្ត្រសេដ្ឋកិច្ច។

GCET ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូបច្ចេកវិទ្យា ស្រប​ពេលដែលមានការគាំទ្រយ៉ាងខ្លាំងក្លាលើកត្តា ៤យ៉ាង រួមមាន ភពផែនដី មនុស្ស វិបុលភាព និងភាពជាដៃគូ។

នៅក្នុងពិភពលោកក្រោយជំងឺរាតត្បាត ដែលត្រូវបានសម្គាល់ដោយការកើនឡើង​នៃទំនោរមនោគមវិជ្ជាសកល និងពហុភាគីនិយម បេសកកម្មរបស់ GCET គឺពាក់​ព័ន្ធជាងពេលណាៗទាំងអស់។ កិច្ចប្រជុំកំពូលនេះជំរុញកិច្ចសហប្រតិបត្តិការ​ពហុ​ភាគី ដើម្បីរុករក និងដោះស្រាយបញ្ហាប្រឈមភូមិសាស្ត្រ និងសេដ្ឋកិច្ចប្រកប​ដោយ​ប្រសិទ្ធភាព៕