(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកាថា រដ្ឋបាលប្រធានាធិបតីលោក ចូ បៃដិន បានចាប់ផ្តើមនីតិវិធី ដើម្បីលុបចោលបំណុល ប្រមាណ៤.៧ពាន់លានដុល្លារ ដែលផ្តល់ឱ្យអ៊ុយក្រែន ខណៈរដ្ឋបាលរបស់ លោក បៃដិន ហាក់កំពុងព្យាយាមធ្វើគ្រប់យ៉ាងតាមតែអាចទៅរួច មុនពេលត្រូវចាកចេញពីអំណាច នៅដើមឆ្នាំក្រោយ ដើម្បីជួយពង្រឹងអ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សេចក្តីព្រាងថវិកាមួយ ដែលអនុម័តដោយសភាអាមេរិក កាលពីខែមេសា ឆ្នាំនេះ រួមមានជាង៩.៤ពាន់លានដុល្លារ គឺក្នុងទម្រង់ជាកញ្ចី ដែលអាចលើកលែងមិនចាំបាច់សង សម្រាប់ផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅកាន់រដ្ឋាភិបាលអ៊ុយក្រែន ហើយក្នុងនោះពាក់កណ្តាល ប្រធានាធិបតីអាមេរិក អាចសម្រេចចិត្តលុបចោល នៅក្រោយថ្ងៃទី១៥ ខែវិច្ឆិកា។ សេចក្តីព្រាងកញ្ចប់ថវិកានោះ បានកំណត់ថវិកាសរុបទាំងអស់ ៦១ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធតស៊ូប្រឆាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលបានចាប់ផ្តើមតាំងតែពីខែកុម្ភៈ ឆ្នាំ២០២២។
ទោះជាបែបនេះក្តី បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller ព្រឹទ្ធសភាអាមេរិក នៅតែអាចរារាំងការអត់ឱនបំណុលនោះ។ ព្រឹទ្ធសភាអាមេរិក នឹងត្រូវបោះឆ្នោត នាថ្ងៃពុធសប្តាហ៍នេះ លើសំណើមួយ ស្តីពីការបដិសេធលើកលែងបំណុលសម្រាប់អ៊ុយក្រែន ដែលត្រូវបានផ្តួចផ្តើមដោយសមាជិកព្រឹទ្ធសភាបក្សសាធាណរដ្ឋ លោក Rand Paul។ ទោះជាបែបនេះក្តី ភាគច្រើននៃសមាជិកព្រឹទ្ធសភាមកពីគណបក្សទាំងពីរ គឺគាំទ្រការផ្តល់ជំនួយដល់អ៊ុយក្រែន៕