(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ដូចជាវិស័យឯកជនក្នុងវិស័យទេសចរណ៍នៅកម្ពុជា បានបញ្ជាក់ពីការត្រៀមស្វាគមន៍ជានិច្ចចំពោះវត្តមានទេសចរមកពីប្រទេសឥណ្ឌា និងគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមរបស់លោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា ដែលបានសន្យាជួយពង្រីកការផ្សព្វផ្សាយទាក់ទាញបន្ថែមសម្រាប់ទីផ្សារឥណ្ឌា។
កិច្ចសហការនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា ហើយក៏មានការចូលរួមពីលោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។
កិច្ចពិភាក្សានេះ គឺទទួលបានអនុសាសន៍ណែនាំមួយចំនួនក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅក្នុងទីផ្សារឥណ្ឌា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជានិងឥណ្ឌា ព្រមទាំងការរៀបចំផែនការសម្រាប់ទាក់ទាញអ្នកវិនិយោគ ក្រុមហ៊ុនធំៗ ភ្ញៀវទេសចរឥណ្ឌា ដោយសហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងការរៀបចំកញ្ចប់ទស្សនា និងជើងហោះហើរត្រង់មកកាន់កម្ពុជា។
លោករដ្ឋមន្ត្រីបានថ្លែងអបអរសាទរចំពោះលោកស្រី រត្ន ម៉ានី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា និងបានគាំទ្រចំពោះការផ្តល់កិច្ចសហការ ការផ្តល់នូវសេវាទេសចរណ៍ដ៏ល្អប្រសើរ ជាពិសេសលោករដ្ឋមន្ត្រីបានផ្តល់ជូននូវសៀវភៅទេសចរណ៍ជាភាសាអង់គ្លេស និងបានផ្តល់នូវវីដេអូទេសចរណ៍កម្ពុជាជូនលោកស្រី រត្ន ម៉ានី សម្រាប់ការផ្សព្វផ្សាយនៅសាធារណរដ្ឋឥណ្ឌាផងដែរ។
លោករដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងសហការជាមួយវិស័យឯកជនរៀបចំជាកិច្ចជំនួបផ្គូរផ្គងរវាងអ្នកលក់និងអ្នកទិញក្នុងវិស័យទេសចរណ៍ (Business matching), ទស្សនកិច្ចសិក្សា (FAM Trip) និងព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីជំរុញសកម្មភាពនៅក្រោមក្របខណ្ឌ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» និង «ឆ្នាំទស្សនាសៀមរាប»។
លោករដ្ឋមន្ត្រីបានស្នើឱ្យលោកស្រី រត្ន ម៉ានី ជួយបង្ហាញសារ ឬវីដេអូអំពីស្ថានភាពពិតនៅកម្ពុជា រួមមាន៖ កត្តាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្ម រមណីយដ្ឋាន ម្ហូបអាហារ ស្នាមញញឹមរបស់ប្រជាជនកម្ពុជាទៅកាន់ប្រជាជននិងទេសចរអន្តរជាតិ ដែលពួកគេអាចដើរលេងកម្សាន្តទាំងនៅពេលថ្ងៃនិងពេលយប់ និងសក្ដានុពលទេសចរណ៍របស់កម្ពុជាជាដើម ទៅកាន់ប្រជាជនឥណ្ឌា និងសហគមន៍ឥណ្ឌា តាមបណ្តាញសង្គមដែលនិយមប្រើប្រាស់នៅប្រទេសឥណ្ឌា និងប្រជាជនឥណ្ឌាផងដែរ៕