រសៀលថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥

Oplus_131072

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

Oplus_131072

សន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអង្គសន្និបាតបានធ្វើការវាយតម្លៃ និងពិភាក្សាលើការងារសំខាន់ៗដូចខាងក្រោម៖

១. វិស័យរ៉ែ៖
* អាទិភាពទី១៖ ការកាត់បន្ថយការិយាធិបតេយ្យ ដើម្បីសម្រួលដល់ការផ្តល់សេវា និងគាំទ្រវិស័យឯកជន និងវិភាគទានរបស់វិស័យរ៉ែ ជូនរដ្ឋក្នុងអាទិភាពនេះ ក្រសួងបានកាត់បន្ថយភាពសាំញ៉ាំ និងបង្កើតទីលានប្រកួតប្រជែងមួយ ដែលមានលក្ខណៈស្មើភាព ដោយយកច្បាប់ និងគោលការណ៍ជាគោល។ វិស័យរ៉ែបានធ្វើវិភាគទានជាចំណូលមិនមែនសារពើពន្ធកើនដល់ប្រមាណជិត ៩០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ដែលត្រូវជាប្រមាណ ១៧០% ធៀបឆ្នាំ២០២៣ ឬប្រមាណ ១៥០% នៃផែនការក្នុងច្បាប់ថវិកាឆ្នាំ២០២៤។

តាមការប៉ាន់ស្មាន ចំណូលសារពើពន្ធនៃអាជីវកម្មរ៉ែមាស អាចបានប្រមាណជិត ៣១លានដុល្លារអាមេរិក សម្រាប់ ឆ្នាំ ២០២៤។ ដោយឡែក ចំណូលពីអាករលើការនាំចេញផលិតផលគ្រប់ប្រភេទ បានប្រមាណ ៣១.៣ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងអាចកើនដល់ប្រមាណ ៦១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ តាមការព្យាករណ៍។

* អាទិភាពទី២៖ តុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស

ក្រសួងបានផ្តោតការយកចិត្តទុកដាក់បន្ថែម លើការធ្វើឱ្យមានតុល្យភាពជាងមុន ក្នុងការអភិវឌ្ឍវិស័យរ៉ែ និងការអភិរក្សធនធានធម្មជាតិ ដែលមានលក្ខណៈជា មរតកប្រវត្តិសាស្ត្រ និងវប្បធម៌របស់ជាតិ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានសម្រេច កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ដោយដាក់តំបន់អភិរក្សព្រៃឡង់ មិនឱ្យមានការផ្តល់អាជ្ញាបណ្ណបន្ថែមទៀត និងផ្អាកការ ផ្តល់អាជ្ញាបណ្ណវាយយកថ្មពីភ្នំនានាបន្ថែមរហូតដល់មានការរៀបចំ Zoning ជាថ្មី ដោយមានការផ្តល់ធាតុចូលពីអាជ្ញាធរមូលដ្ឋាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងមន្ទីរធម្មការ និងសាសនានៃបណ្តារាជធានី-ខេត្ត។

អាទិភាពទី៣៖ បង្កើនអត្ថប្រយោជន៍ ជូនដល់សហគមន៍មូលដ្ឋាន

ក្រសួងក៏បានបង្កើនការផ្តល់អត្ថប្រយោជន៍នានា ដល់សហគមន៍មូលដ្ឋាន ដែលមានទីតាំងជាប់ការដ្ឋានរ៉ែ ជាក់ស្តែងក្នុងឆ្នាំ២០២៣-២០២៤នេះ ក្រសួងបានប្រើប្រាស់មូលនិធីរ៉ែ សម្រាប់ការកសាងហេដ្ឋា រចនាសម្ព័ន្ធនានា ដូចជាស្ថាបនាសាលារៀន ផ្លូវ ស្រះ។ល។ ចំនួន ៤២ គម្រោងក្នុងទឹកប្រាក់សរុបចំនួន ប្រមាណ ៣.២៨លានដុល្លារអាមេរិក។

* អាទិភាពទី៤៖ បង្កើនសុវត្ថិភាព និងសុខុមាលភាពដល់និយោជិត-កម្មកររ៉ែ

ដើម្បីអនុវត្តតាមឆន្ទៈ និងបំណងប្រាថ្នារបស់សម្តេចបវរធិបតី ក្នុងការលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពរបស់បងប្អូននិយោជិត-កម្មករក្នុងការដ្ឋានរ៉ែ ក្រសួងបានដាក់ចេញនូវបទដ្ឋានគតិយុត្ត និងយន្តការត្រួតពិនិត្យជាបន្តបន្ទាប់ ក្រោយពីបានធ្វើការពិគ្រោះយោបល់ជាមួយក្រុមហ៊ុនវិនិយោគ និងកម្មកររ៉ែទូទាំងប្រទេសរួចមក។ វិធានការរបស់សម្តេចបវរធិបតី ក្រោមអភិក្រម ព្រឹកមកធ្វើការ ល្ងាចទៅផ្ទះជួបជុំគ្រួសារ ដោយសុវត្ថិភាព ទទួលបានការអបអរសាទរយ៉ាងខ្លាំង ពីសំណាក់បងប្អូនដែលប្រកបការងារក្នុងការដ្ឋានរ៉ែ។

២. វិស័យប្រេងកាត
អនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រសួងបានដាក់ចេញជាគោលនយោបាយទូលាយ មួយដែលបន្តធានា (១) ការផ្គត់ផ្គង់ផលិតផលប្រេងកាត (ប្រេង និងឧស្ម័នឥន្ធនៈ) ឱ្យបានគ្រប់គ្រាន់ តាមរយៈការផ្តល់ការគាំទ្រ និងជំរុញការធ្វើអាជីវកម្មផ្នែក Downstream ដើម្បីបម្រើការរស់នៅរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍរបស់ប្រទេសយើង បង្កើនចំណូលរដ្ឋ និងការងារជូនប្រជាពលរដ្ឋ (២) ត្រៀមរៀបចំខ្លួន ដើម្បីចរចាជាមួយភាគីពាក់ព័ន្ធក្នុងការស្វែងរុករក និងធ្វើអាជីវកម្មប្រេង និងឧស្ម័នទាំងក្នុង និង ក្រៅតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (OCA) (៣) បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពក្នុងការដឹកជញ្ជូន ស្តុកទុក ចែកចាយ និងប្រើប្រាស់ផលិតផលប្រេងកាត (៤) ឈានទៅកំណត់ និងទាក់ទាញ ឧស្សាហកម្មចម្រាញ់ប្រេងកាតជាយុទ្ធសាស្ត្រ។

ប្រទេសកម្ពុជាក៏បានផលប្រយោជន៍ខ្លះរួចមកហើយ ពីប្រតិបត្តិការនៅ Block A ហើយក្រសួងកំពុងស្វែងរក អ្នកវិនិយោគជាបន្តនៅ Block A នេះ ក៏ដូចជាការស្រាវជ្រាវរកសក្តានុពលនៅ Block ឯទៀតៗ ទាំងក្នុង និងក្រៅតំបន់ OCA ផងដែរ។ ចំពោះផ្នែក Downstream ក្រសួងបានផ្តល់ភាពងាយស្រួល ជូនបងប្អូន អាជីវករ ក្នុងការដាក់ពាក្យស្នើសុំបើកស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ដោយកាត់បន្ថយក្រដាសស្នាម និងបន្ថយពេលវេលាអនុម័ត ដែលបច្ចុប្បន្នមានស្ថានីយសរុបចំនួន ៦ ១៨៦ ស្ថានីយ និងផ្តល់ការងារជាង ២ ម៉ឺនកន្លែង ដល់បងប្អូនប្រជាពលរដ្ឋ។

លើសពីនេះ ក្រុមការងារអធិការកិច្ចក៏កំពុងបន្តចុះណែនាំ និងផ្សព្វផ្សាយលើទិដ្ឋភាពសុវត្ថិភាពទូទាំងប្រទេសជាប្រចាំ។ នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងមានផែនការ ស្នើសុំរាជរដ្ឋាភិបាលគាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាត ក្នុងប្រទេសជំហានទី១ ជាមួយនឹង ការកំណត់រូបរាង និងវិសាលភាពនៃការធ្វើសន្និធិប្រេងបម្រុង ជាយុទ្ធសាស្ត្រ Strategic Petroleum Reserve ទោះបីជាប្រទេសយើង មានទីផ្សារប្រេងនៅតូចក៏ដោយ។

ក្រសួងកំពុងរៀបចំការគាំទ្រនានា សម្រាប់សម្រួលដល់ការដឹកជញ្ជូន និងផ្គត់ផ្គង់ឧស្ម័ន LNG ដល់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័ន LNG អានុភាព ៩០០មេហ្គាវ៉ាត់ លើកទី១ របស់ព្រះរាជាណាចក្រកម្ពុជានៅខេត្តកោះកុង។ ទន្ទឹមនេះ ក្នុងបរិបទអន្តរកាលថាមពល ក្រសួងនឹងធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោលនយោបាយស្តីពីវិស័យប្រេងកាត និងរៀបចំលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ជាពិសេសការដាក់ឲ្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព សម្រាប់រៀបចំប្រព័ន្ធផ្គត់ផ្គង់ និងចែកចាយឧស្ម័នឥន្ធនៈក្នុងអគារ។ នៅឆ្នាំ២០២៤នេះ វិស័យប្រេងកាតបាន ផ្តល់សេវាសាធារណៈផ្សេងៗ និងរួមចំណែកប្រមូលចំណូលពីកាតព្វកិច្ច ជូនរដ្ឋបានចំនួនប្រមាណ ១២.៣៥ លានដុល្លារអាមេរិក។

៣. វិស័យថាមពល
កសាងបន្តលើមូលដ្ឋានដ៏រឹងមាំដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានបន្សល់ទុក ហើយសម្តេចបវធិបតីនាយករដ្ឋមន្ត្រី បានបន្តសម្រួចគោលនយោបាយអន្តរកាលថាមពលកម្ពុជា ឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ មានអភិក្រមចំនួន ៤ គឺ (១) បង្កើនថាមពលស្អាត ប្រសិទ្ធភាពថាមពល និងភាពគ្រប់គ្រាន់ (២) រក្សាថ្លៃសមរម្យស្របតាមថ្លៃនៃធាតុ ចូលក្នុងការផលិត បញ្ជូន និងចែកចាយថាមពល (៣) បង្កើនស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់ និងធ្វើទំរនើបកម្មការផ្តល់សេវា (៤) បង្កើនការផ្គត់ផ្គង់ប្រកបដោយសមធម៌ រវាងតំបន់ទីក្រុង និងជនបទ។

ក្រសួងនឹងយកភាពជោគជ័យនៃការអនុវត្តអភិក្រមទាំង ៤នេះទៅបម្រើវិស័យផ្សេងៗ និងទាក់ទាញបង្កើនភាពប្រកួតប្រជែងឱ្យសេដ្ឋកិច្ចកម្ពុជា បន្ថែមពីនោះតាមរយៈវិស័យថាមពល ក្រសួងក៏បានចូលរួមលើកកម្ពស់សមភាពយេនឌ័រផងដែរ។

សម្រាប់វិស័យថាមពលនេះ ក្រសួងរ៉ែ និងថាមពល បានកំណត់នូវអភិក្រមចំនួន៤៖

* អភិក្រមទី១៖ បង្កើនថាមពលស្អាត ប្រសិទ្ធភាពថាមពល និងភាពគ្រប់គ្រាន់
– កំពុងសាងសង់ប្រភពអគ្គីសនីថ្មីចំនួន១៣ គម្រោង អានុភាពសរុប ១ ២៧៥ មេហ្គាវ៉ាត់
– នឹងបន្ថែមចំនួន ២៣គម្រោង សម្រាប់ឆ្នាំ២០២៥-២០២៩ អានុភាពសរុប ៥ ៩៥០ មេហ្គាវ៉ាត់ដើម្បីឈានទៅឱ្យបាន ៧០% ជាថាមពលស្អាត ត្រឹមឆ្នាំ២០៣០
– កំពុងដំណើរការបន្តការងារប្រសិទ្ធភាពថាមពល ក្នុងវិស័យដឹកជញ្ជូន អគារ និងឧស្សាហកម្មជាមួយភាគីពាក់ព័ន្ធ
– អនុវត្តនីតិវិធីគ្រប់គ្រងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ
– ឈានទៅអនុវត្តការចេញវិញ្ញាបនបត្រថាមពលកកើតឡើងវិញ ដើម្បីជំរុញឧស្សាហកម្មនាំចេញ

* អភិក្រមទី២៖ រក្សាថ្លៃសមរម្យស្របតាមថ្លៃ នៃធាតុចូលក្នុងការផលិត បញ្ជូន និងចែកចាយថាមពល
– បន្តឧបត្ថម្ភធនប្រមាណ ១២៥ លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីឱ្យថ្លៃអគ្គិសនីនៅមាន ស្ថិរភាពខណៈប្រទេសនានា កំពុងបន្តឡើងថ្លៃអគ្គិសនី ធ្វើឱ្យអ្នកប្រើប្រាស់ពីបណ្តាញជាតិ ៩៩,៧៣% មានថ្លៃដូចគ្នាទូទាំងប្រទេស
– បន្តរក្សាថ្លៃលក់សង្គមកិច្ច ៣៨០៛ ៤៨០៛ និង ៦១០៛ សម្រាប់លំនៅឋានចំណូលទាប និងមធ្យម និង៤៨០៛ សម្រាប់កសិកម្មដែលប្រើពេលយប់
– បន្ថយថ្លៃលក់ជូនផ្នែកឧស្សាហកម្ម កសិកម្ម និងសណ្ឋាគារ សម្រាប់វិស័យទេសចរណ៍។

* អភិក្រមទី៣៖ បង្កើនស្ថិរភាពនិងគុណភាពនៃការផ្គត់ផ្គង់ និងធ្វើទំនើបកម្មការផ្តល់សេវា

ក្រសួងបានធ្វើទំនើបកម្ម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង បញ្ជា និងពង្រឹងសមត្ថភាពផ្គត់ផ្គង់នានា ដើម្បីឱ្យការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា កាន់តែមានសមត្ថភាព និងកាន់តែមានស្ថិរភាព កាត់បន្ថយការរអាក់រអួលដាច់ចរន្តអគ្គិសនី ឱ្យកាន់តែតិចទៅៗ។ ជាលទ្ធផល ការអភិវឌ្ឍប្រព័ន្ធបណ្តាញ បញ្ជូនតង់ស្យុងខ្ពស់ និងអនុស្ថានីយជាបន្តបន្ទាប់ បានធ្វើឱ្យខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់កម្ពុជា កើនឡើងពី ៣ ៧០៨.៥៦ គីឡូម៉ែត្រ នៅឆ្នាំ២០២៣ រហូតដល់ ៣ ៨៩០.៦៥៧ គីឡូម៉ែត្រ និងធ្វើឱ្យចំនួនអនុស្ថានីយកើនឡើងពី ៦៨កន្លែង នៅឆ្នាំ២០២៣ ឡើងរហូតដល់ ៧០កន្លែងគិតត្រឹមខែកញ្ញា ឆ្នាំ ២០២៤។

បន្តបង្កើនគុណភាពនៃការផ្តល់សេវា ឱ្យកាន់តែប្រសើរឡើង តាមរយៈបច្ចេកវិទ្យាឌីជីថល ក្នុងការស្នើសុំ ការផ្តល់ព័ត៌មាន ការផ្តល់វិក្កយបត្រ ការទូទាត់ ការទំនាក់ទំនងរវាងអ្នកប្រើប្រាស់អគ្គិសនី និងអ្នកផ្គត់ផ្គង់ ដើម្បីផ្តល់ភាពងាយស្រួល តម្លាភាព និងមានប្រសិទ្ធភាព។ ដែលក្នុងនោះ អគ្គិសនីកម្ពុជាបានដាក់ ឱ្យប្រើប្រាស់កម្មវិធី EDC-APP សម្រាប់តំបន់ដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ហើយអាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានរៀបចំនិងដាក់ឱ្យប្រើប្រាស់កម្មវិធី EAC-APP សម្រាប់តំបន់អ្នកកាន់អាជ្ញាបណ្ណចែកចាយឯកជនផងដែរ។

* អភិក្រមទី៤៖ បង្កើនការផ្គត់ផ្គង់ប្រកបដោយ សមធម៌រវាងទីក្រុង និងជនបទ

បន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនរង និងចែកចាយ ដើម្បីពង្រីកវិសាលភាព និងសមត្ថភាព ផ្គត់ផ្គង់ឱ្យបានដល់គ្រប់ទីកន្លែង។ បច្ចុប្បន្នប្រព័ន្ធបណ្តាញជាតិបានគ្របដណ្តប់ ៩៩.១៥% នៃចំនួនភូមិទូទាំងប្រទេស និងភ្ជាប់ចរន្តឱ្យលំនៅឋានប្រជាពលរដ្ឋរហូតដល់ ៩៧ ៨២% នៃលំនៅឋានទូទាំងប្រទេស ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនីស្មើភាពគ្នា ទាំងថ្លៃ ទាំងគុណភាព ទាំងការភ្ជាប់ចរន្ត និងទាំងសេវាផ្សេងៗទៀត ហើយក៏កំពុងដាក់ចេញនូវកម្មវិធី គីឡូម៉ែត្រចុងក្រោយ The Last Mile ធ្វើឱ្យកម្ពុជាឆ្ពោះទៅមានអគ្គិសនីប្រើប្រាស់១០០%។

អភិក្រមទាំង ៤ ត្រូវស្ថិតក្រោមយន្តការតាមដាន និងវាយតម្លៃជាប្រចាំ ដែលដឹកនាំដោយក្រសួងរ៉ែ និងថាមពល ដោយផ្តោតលើអាទិភាពគន្លឹះទាំង ៥នាពេលខាងមុខ៖
១៖ បញ្ហាការដាច់ចរន្តអគ្គិសនី
២៖ បញ្ហាគុណភាពនៃការផ្គត់ផ្គង់ លើប្រព័ន្ធបណ្តាញជាតិបញ្ជូនអគ្គិសនី
៣៖ បញ្ហាការផ្តល់សេវាពាក់ព័ន្ធផ្សេងៗ ដល់អតិថិជនរបស់សហគ្រាសរដ្ឋ និងឯកជន
៤៖ បញ្ហាការបង់កម្រៃសេវាក្រៅផ្លូវការ
៥៖ បញ្ហាការពង្រីកវិសាលភាព នៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការផ្តល់សេវានានា ពាក់ព័ន្ធជាមួយការផ្គត់ផ្គង់ថាមពល។

បន្ថែមពីនេះ ក្រសួងកំពុងធ្វើការជិតស្និទជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លើការងារថាមពលបរមាណូស៊ីវិល និងបានដាក់ចេញនីតិវិធីជួយគាំទ្រថាមពល ចំហាយសម្រាប់ផ្នែកឧស្សាហកម្ម និងកម្មន្តសាល ដើម្បីធានាដល់ការនាំចេញផលិតផលកម្ពុជា ទៅទីផ្សារពិភពលោក។

វិស័យថាមពល បានធ្វើវិភាគទានជាចំណូលសារពើពន្ធគ្រប់ប្រភេទចំនួនប្រមាណ ៨៩.៧៥ លានដុល្លារអាមេរិក ក្នុងការិយបរិច្ឆេទឆ្នាំ២០២៣ និងចំនួនប្រមាណ ៨០.១០ លានដុល្លារអាមេរិក ក្នុងការអនុវត្តជាក់ស្តែងរយៈពេល ៧ខែ ឆ្នាំ២០២៤។ គិតត្រឹមខែតុលា ឆ្នាំ២០២៤ វិស័យថាមពលបានបង្កើតការងារដោយផ្ទាល់បានចំនួន ១៥ ៩៥៧ កន្លែង ជូនបងប្អូនប្រជាពលរដ្ឋ ដែលក្នុងនោះ អគ្គិសនីកម្ពុជាដែលជាសហគ្រាស អគ្គិសនីរដ្ឋមានបុគ្គលិកសរុបចំនួន ៦ ២៣១ នាក់ ក្នុងនោះមានបុគ្គលិកជាស្ត្រី ១ ១២៣នាក់ ដោយឡែក អ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្នែកអគ្គិសនីឯកជន មានចំនួន ៤៧៩ សហគ្រាស មានបុគ្គលិកសរុប ចំនួន ៩ ៧២៦ នាក់ ក្នុងនោះបុគ្គលិកជាស្ត្រីចំនួន ១ ៩៩៥ នាក់។

ក្រសួងបានដាក់លក្ខខណ្ឌ ឱ្យអ្នកអនុវត្តគម្រោងថាមពលពន្លឺព្រះអាទិត្យ ផ្តល់ការងារដល់ស្ត្រីឱ្យបាន យ៉ាងតិចចំនួន ៦០% នៃកម្លាំងពលកម្មសរុប នៅក្នុងដំណាក់កាលសាងសង់គម្រោង និង៥០% យ៉ាងតិច នៅពេលដាក់ឱ្យដំណើរការអាជីវកម្មគម្រោង ដែលក្នុងនោះក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុនគម្រោង ត្រូវមានអនុប្រធានជាស្ត្រីជនជាតិខ្មែរយ៉ាងតិចចំនួន ០១ រូប។
ក្រសួងមានផែនការដាក់លក្ខខណ្ឌឱ្យអ្នកផ្តល់សេវាកម្ម ផ្នែកអគ្គិសនីទាំងអស់ ផ្តល់ការងារដល់ស្ត្រីយ៉ាងតិចឱ្យបាន ៣០% ទៅ ៤០% សម្រាប់សកម្មភាពសេវា កម្មនានារបស់អ្នកផ្តល់សេវាកម្មផ្នែកអគ្គិសនីនៅឆ្នាំ២០៣០។

៤. ការងារសង្គម និងសម្ព័ន្ធមេត្រីភាព

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងរ៉ែ និងថាមពលបានសាមគ្គីគ្នាជាធ្លុងមួយ ចុះប្រឡូកជួយការងារសង្គមក្រៅម៉ោងការងាររដ្ឋរបស់ខ្លួន បានលះបង់ធនធាន និងពេលវេលាជួយយកអាសារបងប្អូនប្រជា ពលរដ្ឋនៅជនបទ បានយ៉ាងច្រើនជារៀងរាល់ឆ្នាំ។ លើសពីនេះ តាមសំណើរបស់ក្រសួងរ៉ែ និងថាមពល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រសួង ចងសម្ព័ន្ធមេត្រីភាពជាមួយ ៨ អង្គភាព៖ (១) កងពលតូចថ្មើរជើងលេខ៤២ (២) កងនគរបាលវរសេនាតូចលេខ៧០២ (៣) វរសេនាតូចលេខ១ (៤) កងពលតូច អន្តវាគមន៍លេខ១៤ (៥) ស្នងការដ្ឋាននគរបាល (៦) បញ្ជាការដ្ឋានកងរាជអាវុធហត្ថ (៧) តំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ និង(៨) មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ដែលចាប់ ពីឆ្នាំ២០២៣ មកដល់ពេលនេះ ដោយបានជួយអង្គភាពសម្ព័ន្ធមេត្រីភាពចំនួនប្រមាណ ៩៥ម៉ឺនដុល្លារអាមេរិក៕