ភ្នំពេញ ៖ រដ្ឋបាលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបដិសេធសំណើរបស់កម្មករ និយោជិក ដែលត្រូវបានព្យួរការងារនៅក្នុងវិស័យកម្សាន្ត ដើម្បីទទួលបានជំនួយចំនួន ៤០ ដុល្លារដូចកម្មករ និយោជិក ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែរ។
រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានច្រានចោលចំពោះសំណើដើម្បីទទួលបានជំនួយចំនួន ៤០ដុល្លារ នេះ បានធ្វើឡើងនៅបន្ទាប់ពីក្រុមស្ត្រីធ្វើការផ្នែកសេវាកម្សាន្តជិត ១០០នាក់ បានដាក់ញត្តិទៅក្រសួងការងារកាល ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ដើម្បីស្នើ សុំទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន ៤០ ដុល្លារក្នុងមួយខែ ។ នៅក្នុងញត្តិរបស់ពួកគាត់ ក៏បានស្នើសុំឱ្យរាជរដ្ឋាភិបាលធ្វើអន្តរាគមន៍ និងឱ្យម្ចាស់ផ្ទះជួលកាត់បន្ថយថ្លៃឈ្នួលចំនួន ៥០ភាគរយផងដែរ ខណៈដែលពួកគាត់កំពុងត្រូវបានព្យួរការងារធ្វើ និងមិនមានប្រាក់ចំណូល។
ឆ្លើយតបភ្លាមៗនឹងបញ្ហានេះ ឯ.ឧ. រដ្ឋមន្ត្រី អ៊ិត សំហេង បានផ្ញើលិខិតទៅសហព័ន្ធកម្មករចំណីអាហារ និងសេវា កម្មកម្ពុជា ដោយបញ្ជាក់ថា ក្រសួងមិនអាចទទួលយកសំណើនេះបានទេ។
លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានថ្លែងថា កម្មករ និយោជិក បានបង្ហាញការខកចិត្តចំពោះការឆ្លើយតបនេះ។ លោកស្រី ផល្លីន បាននិយាយថា បុគ្គលិកក្នុងវិស័យកម្សាន្តក៏ជាផ្នែកមួយនៃការជំរុញដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេស មានដំណើរទៅមុខដូចគ្នាដែរ។ លោកស្រី បន្តថា៖« ការឆ្លើយតបរបស់ក្រសួង មិនបានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្មករក្នុងវិស័យកម្សាន្តដែលស្វែងរកជំនួយសំរាប់ការចំណាយប្រចាំថ្ងៃឡើយ ខណៈពេលពួកគាត់ត្រូវបានផ្អាកពីការងារក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ១៩»។ លោកស្រី បានបន្ថែមទៀតថា ពួកគេ ក៏បង់ពន្ធជូនរដ្ឋដែរ ដូច្នេះរដ្ឋគួរតែការពារពួកគេនៅពេលពួកគេគ្មានការងារធ្វើដោយសារជំងឺរាតត្បាត។
ទោះជាយ៉ាងនេះក្តី នៅក្នុងលិខិតរបស់ក្រសួងការងារ ក៏បានលើកឡើងផងដែរថា រាជរដ្ឋា ភិបាលកំពុងរៀបចំកញ្ចប់ជំនួយពិសេសមួយ សម្រាប់គ្រួសារក្រីក្រ ដែលជីវភាពរបស់ពួក គេរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ ដែលកម្មករ និយោជិកក្នុងវិស័យវាយន ភ័ណ្ឌ ដែលគេរំពឹងថា ក្នុងវិស័យកម្សាន្តមួយចំនួន ក៏អាចមានសិទ្ធិទទួលបានដែរ៕