សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» នៅខេត្ដកែប ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

(កែប)៖ ថ្លែងចេញពីខេត្ដកែប នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» នៅខេត្តកែប ដែលមានតម្លៃជាង១០លានដុល្លារ គឺជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ដោយមានការអញ្ជើញ​ចូល​រួមសាទរពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» បម្រើប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋប្រមាណ ៦ពាន់គ្រួសារ ហើយ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» នេះ បានតភ្ជាប់ផ្ទៃក្នុងរបស់ខេត្តកែប ក៏ដូចជាតភ្ជាប់ទៅព្រំដែនជាមួយវៀតណាម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ គឺជាខ្សែផ្លូវទេសចរណ៍ ប្របមាត់ទឹករបស់កែប ដែលបាននឹងកំពុងដើរតួនាទី ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗ របស់ប្រជាពលរដ្ឋ​ ជាង៦ពាន់គ្រួសារ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងក្តីរីករាយ ដែលអញ្ជើញចូលរួមសម្ពោធ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ហើយសូមចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋខេត្តកែប ដែលទទួលបានសមិទ្ធផលថ្មី «វិថីតេជោសន្តិភាពឆ្នេរអង្កោល»។ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតី ជានាយក​រដ្ឋមន្ត្រី។

«វិថីតេជោសន្តិភាពឆ្នេរអង្កោល» មានប្រវែងសរុប ១២,៦៤៥ម៉ែត្រ ស្ថិតនៅ ភូមិកែប និង​ភូមិ​អង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​​ទេសចរណ៍ ​សម្រាប់កំណើនប្រកបដោយ បរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គជំហាន​ទី២ ដែល​គ្រប់គ្រងដោយក្រសួងទេសចរណ៍។

«វិថីតេជោសន្តិភាពឆ្នេរអង្កោល» គឺជាខ្សែផ្លូវលាតសន្ធឹងប្របមាត់ឆ្នេរទេសចរណ៍នៃសមុទ្រ ខេត្តកែប ដែលតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទ នៅក្នុងឃុំអង្កោល និងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង។

វិថីនេះ ក៏តភ្ជាប់ជាមួយផ្លូវខេត្ត លេខ​១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត (ព្រំដែនកម្ពុជា- វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធ ខ្សែផ្លូវមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែបផងដែរ។

បច្ចុប្បន្នវិថីនេះ បាននិងកំពុងជួយសម្រួលប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ប្រមាណជាង៦,០០០​គ្រួសារ ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗ បានឆាប់រហ័ស និងមានសុវត្ថិភាព ជាពិសេសជួយទាក់ទាញសក្តានុពលទេសចរណ៍ និងជំរុញ ការអភិវឌ្ឍផ្សេងៗនៅតាមតំបន់ឆ្នេរ​មាត់​​សមុទ្រទាំងមូល ឱ្យកាន់តែរីកចម្រើន និងល្អប្រសើរ។

លើសពីនេះ វិថីនេះ ក៏បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែប ឱ្យកាន់​តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវ​ថ្មើរ​ជើងសម្រាប់ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ប្រសិទ្ធនាមខ្សែផ្លូវនេះថាជា «វិថីតេជោ​សន្តិភាពឆ្នេរអង្កោល» ដើម្បីជាការសម្ដែងនូវការចង់ចាំចំពោះស្នាដៃ និងគុណូបការៈ ដ៏ធំធេងរបស់​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានខិតខំពុះពារគ្រប់​ឧប​សគ្គ​ឆ្លងកាត់ភ្លើង​សង្គ្រាមរាប់ មិនអស់។

ជាពិសេសការតស៊ូរំដោះប្រទេសជាតិ ចេញពីរបបប៉ុលពត និងការដាក់​ចេញ​នយោបាយ ឈ្នះ-ឈ្នះបញ្ចប់សង្គ្រាមផ្ទៃក្នុងដោយជោគជ័យ ធ្វើឱ្យប្រទេសកម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិពេញលេញ និងភាពល្បីល្បាញស្មើ​មុខស្មើ​មាត់លើឆាកអន្តរជាតិ រួមទាំងការរីកចម្រើនលើគ្រប់វិស័យ ដូចនាពេលបច្ចុប្បន្ននេះ៕