សម្តេច ម៉ែន សំអន អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្ម ក្រុមហ៊ុន សោជីន ប៊ីតណេស ឯ.ក និងក្រុមហ៊ុនត្រាស់អ៊ិនស្ពេកសិន ឯ.ក

Oplus_131072
Oplus_131072

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពិលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្ម ក្រុមហ៊ុន សោជីន ប៊ីតណេស ឯ.ក និងក្រុមហ៊ុនត្រាស់អ៊ិនស្ពេកសិន ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីក្រុងពាលីសាងសង់អគារពាណិជ្ជកម្ម ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាភូមិករ និងបារមីវត្ថុសក្ត័សិទ្ធិទាំងឡាយក្នុងលោកតាមជួយបីបាច់ថែរក្សា និងឲ្យដំណើរការនៃការសាងសង់អគារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យ។

គួរំលឹកថា ក្រុមហ៊ុន សោជីនប៊ីតណេស ឯ.ក និងក្រុមហ៊ុនត្រាស់អ៊ិនស្ពេកសិន ឯ.ក មានចក្ខុវិស័យខ្ពស់ក្នុងការផ្គត់ផ្គងផលិតទឹកមាត់ត្រចៀកកាំក្នុងស្រុក និងនាំចេញសំបុកត្រចៀកកាំ និងទឹកមាត់ត្រចៀកកាំ ដែលមានគុណភាពខ្ពស់សម្បូរសារជាតិចិញ្ចឹមខ្ពស់ ស្របតាមគុណភាពស្តង់ដារអន្តរជាតិ និងបានចូលរួមចំណែកលើកកម្ពស់វិស័យចំណីអាហារ និងផលិតផលក្នុងស្រុក ដើម្បីទៅប្រកួតប្រជែងទីផ្សារអន្តរជាតិ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារដើម្បីឲ្យប្រជាពលរដ្ឋក្នុងតំបន់ នោះមានការងារធ្វើស្របតាមអនុសាសន៍ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយនិងវិធានការថ្មីៗ ដោយជួយជំរុញវិស័យឯកជនឲ្យទទួលបាននូវការលើកទឹកចិត្ត ក្រោមការជួយសម្រួលដ៏សម្បើមនៅក្នុងសកម្មភាពធុរកិច្ចរបស់ខ្លួន។

អគារនេះមានកម្ពស់៩ជាន់ ដែលមានដើមទុនវិនិយោគឆ្នាំទី១ ចំនួន៦លានដុល្លា ដើមទុនបម្រុងបន្ថែមសម្រាប់ទី២ នឹងទី៣ ចន្លោះ១៥ទៅ៣០លានដុល្លារ។ ក្រុមហ៊ុនមានមន្ទីរពិសោធន៍ដែលមានស្តង់ដារទទួលស្គាល់ដោយប្រទេសម៉ាឡេស៉ី និងចិន ហើយមន្ទីរពិសោធន៍យើងមានសមត្ថិភាពគ្រប់គ្រាន់ឱ្យគេទទួលស្គាល់ ដោយមិនបាច់បញ្ចូនផលិតផលទៅវៀតណាម ឬថៃ៕