សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋបដិសេធរាល់ការអំពាវនាវដែលនាំឱ្យបាត់បង់អស្ថិរភាពសង្គម និងការញុះញង់ទាំងឡាយនាំឲ្យជាតិបែកបាក់ ហើយចូលរួមការពារសុខសន្តិភាពឲ្យបាន

(កែប)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋត្រូវបដិសេធរាល់ការអំពាវនាវដែលនាំឱ្យសង្គមកើតចលាចល ឬបាត់បង់អស្ថិរភាពសង្គម ហើយចូលរួមថែរក្សាការពារឱ្យ បាននូវសុខសន្តិភាពជាដាច់ខាត។

ការអំពាវនាវជាថ្មីនេះធ្វើឡើងក្នុងឱកាសសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» ដែលមានតម្លៃជាង ១០លានដុល្លារ ស្ថិតនៅតាមបណ្ដោយឆ្នេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានរំឭកដល់ទង្វើក្រុមប្រឆាំងដែលបានញុះញង់បំផុសបំផុលកៀរគរមនុស្សឱ្យធ្វើចលនាហិង្សា ដែលល្មើសច្បាប់ធ្ងន់ធ្ងរ គំរាមកំហែងដល់សេចក្ដីសុខប្រជាពលរដ្ឋ តួយ៉ាងដូច្នេះករណីថ្ងៃ៩ វិច្ឆិកា ២០១៩ និងថ្ងៃ១៨ សីហា ឆ្នាំ២០២៤។ តែយ៉ាងណា សម្ដេចបានផ្ដាំផ្ញើដល់ក្រុមប្រឆាំងថា «ធ្វើអីធ្វើចុះ កុំឱ្យតែលើសច្បាប់ ជាពិសេសកុំបំពុល កុំធ្វើចលនាដែលឈានទៅដល់ការកៀរគរមនុស្ស ឬរៀបចំផែនការដើម្បីជំរុញមនុស្ស ដូចថ្ងៃ៩ វិច្ឆិកា ២០១៩ ឬ ១៨ សីហា ឆ្នាំ២០២៤ ដែលរៀបចំអូសទាញឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពហិង្សា ដើម្បីប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំតាមរូបមន្តមិនប្រជាធិបតេយ្យ ខុសពីរដ្ឋធម្មនុញ្ញ»។

សម្ដេចបវរធិបតីបានបន្តថា ប្រសិនបើក្រុមណាមួយអនុវត្តសិទ្ធិរបស់ខ្លួនខុសច្បាប់ហើយ រាជរដ្ឋាភិបាលគ្មានជម្រើសក្រៅពីការអនុវត្តច្បាប់ ដើម្បីថែទាំស្ថិរភាព ឯកភាពជាតិ និងសន្តិភាពនោះទេ។ នេះជាអ្វីដែលរាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្តជាមួយប្រជាពលរដ្ឋ ១៧លាននាក់ ក្នុងការការពារសន្តិសុខ សន្តិភាព ស្ថិរភាពឱ្យខាងតែបាន។ រាជរដ្ឋាភិបាលប្ដេជ្ញាមិនឱ្យមនុស្សមួយចំនួនមកបំផ្លាញសុខសន្តិភាព យករឿងមិនពិតមកបំផុស ពិសេសមកជំរុញឱ្យប្រជាពលរដ្ឋមកធ្វើសកម្មភាពហិង្សា ឬសកម្មភាពខុសច្បាប់ដូចថ្ងៃ១៨ សីហា ឆ្នាំ២០២៤ កន្លងទៅនោះទេ។

សម្ដេចបានបញ្ជាក់ថា «ព្រឹត្តិការណ៍កាលពីថ្ងៃទី១៨ សីហានោះ មានទាំងអ្នកកាន់ដាវ មានជំពាម និងគ្រាប់ប៉ាដាងកង់ ព្រមទាំងដបសាំងមកគប់លើសមត្ថកិច្ច ហើយក៏មានទាំងផែនការបង្ហោះដ្រូនដាក់គ្រាប់បែបថែមទៀត តាមដែលឮមក ក៏មានទាំងផែនការដើរដុតផ្ទះរបស់មន្ត្រីនេះមន្ត្រីនោះ»។

សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋសាជាថ្មីថា ប្រសិនជាមានការអំពាវនាវ ការបំផុសឱ្យធ្វើសកម្មភាពជ្រុលនិយម ធ្វើសកម្មភាពហិង្សា ធ្វើឱ្យបាត់បង់សេចក្ដីសុខប្រទេសជាតិ សូមប្រជាពលរដ្ឋរួមគ្នា ប្រឆាំងនូវការញុះញង់ទាំងនោះ តាមរយៈការមិនចូលរួមជាមួយការអំពាវនាវនោះ ឬតាមរយៈការរួមគ្នាថែរក្សាជីវភាពរស់នៅ ស្ថិរភាព ឯកភាពក្នុងប្រទេសរបស់យើង។

ប្រតិកម្មចំពោះពាក្យគេថា «សន្តិភាពនៅស្រុកខ្មែរ មិនបានមួយចម្អិនកំពិស» នោះ សម្ដេចបវរធិបតីបានឆ្លើយតបថា កំពិសនេះមិនមែនកំពិសម្សៅឡើយ តែជាកំពិសដែក ដែលមិនងាយនឹងប្រែប្រួល ឬរលួយរូបរាងឡើយ ព្រោះប្រជាពលរដ្ឋយល់ពីការថែរក្សាសន្តិភាព ការពារសន្តិភាព មិនឱ្យក្រុមណាមកបំផ្លាញបានឡើយ៕