កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី កើនខ្ពស់ជាងការព្យាករ នៅត្រីមាសទីបី

Oplus_131072

(គូឡាឡាំពួរ)៖ សេដ្ឋកិច្ចម៉ាឡេស៊ីបានកើនឡើងខ្ពស់ជាង ការរំពឹងទុកនៅត្រីមាសទី៣ ដោយសារកំណើនក្នុងវិស័យសេវាកម្ម និងផលិតកម្ម ដែលធ្វើឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ស្ថិតលើផ្លូវឆ្ពោះទៅរកការសម្រេចបានកំណើនសេដ្ឋកិច្ច តាមការព្យាករប្រចាំឆ្នាំរបស់រដ្ឋាភិបាល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

Oplus_131072

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ការព្យាករជាន់ខ្ពស់ របស់នាយកដ្ឋានស្ថិតិរបស់ម៉ាឡេស៊ី ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ផលិតផលក្នុងស្រុកសរុបបានកើនឡើង ៥,៣% នៅក្នុងអំឡុងពីខែកក្កដា ដល់ខែកញ្ញាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះខ្ពស់ជាងការព្យាករជាមធ្យម ដែលមានត្រឹមតែ ៥,១% នៅក្នុងការស្ទង់មតិរបស់ Bloomberg។

តួលេខកំណើនសេដ្ឋកិច្ចនេះ ត្រូវបានចេញផ្សាយតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៤ របស់ម៉ាឡេស៊ីដល់ចន្លោះពី ៤,៨% ទៅ ៥,៣% ក្នុងគ្រាមានការរំពឹងទុកថានឹងមានការស្ទុះងើបឡើងវិញកាន់តែខ្លាំង។ កំណើនសេដ្ឋកិច្ចខ្ពស់នេះ អាចនឹងជួយរដ្ឋាភិបាលឱ្យសម្រេចបានគោលដៅឱនភាពសារពើពន្ធ របស់ខ្លួនដែលមាន ៤,៣% នៃផលិតផលក្នុងស្រុកសរុប បើទោះបីជាមានការពន្យាពេលអនុវត្តផែនការកាត់បន្ថយការឧបត្ថម្ភធន ដល់ប្រេងទៅឆ្នាំក្រោយក៏ដោយ។

នៅឆ្នាំក្រោយ រដ្ឋាភិបាលម៉ាឡេស៊ីរំពឹងថា សេដ្ឋកិច្ចនឹងកើនឡើងប្រហែលចន្លោះពី ៤,៥% ទៅ ៥,៥% ដែលភាគច្រើនខ្ពស់ជាងកំណើន ៤,៦% ដែលបានព្យាករដោយអ្នកវិភាគក្នុងការសន្ទង់មតិរបស់ Bloomberg។ ប្រាក់បៀវត្សរ៍ខ្ពស់ជាងមុនសម្រាប់មន្ត្រីរាជការ ក៏ដូចជាផែនការដំឡើងប្រាក់ឈ្នួលអប្បបរមា ក្នុងវិស័យឯកជន នឹងជួយជំរុញតម្រូវការក្នុងស្រុកនៅឆ្នាំ២០២៥។

ទោះជាយ៉ាងនេះក្តី សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីដែលផ្អែកលើពាណិជ្ជកម្ម នៅតែងាយរងគ្រោះទៅនឹងការប្រែប្រួលជាសកល។ ការស្ទុះសេដ្ឋកិច្ចងើបឡើងវិញមិនមានតុល្យភាពរបស់ប្រទេសចិន បានដាក់បន្ទុកលើការនាំចេញរបស់ម៉ាឡេស៊ី ដែលបានធ្លាក់ចុះក្នុងខែកញ្ញាក្នុងគ្រាដែលមានការធ្លាក់ចុះ ការនាំចេញទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរ របស់ពិភពលោកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕