ពាណិជ្ជកម្មរុស្ស៊ី និងប្រទេសអេមីរ៉េតអារ៉ាប់រួម កើនឡើងបីដង ក្នុងរយៈពេលបីឆ្នាំចុងក្រោយ

Oplus_131072

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានកើនឡើងបីដង ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដែលការថ្លែងនេះ ធ្វើឡើងក្នុងពេលលោកទទួលជួបមេដឹកនាំអារ៉ាប់រួមលោក Sheikh Mohammed Bin Zayed Al Nahyan នៅទីក្រុងម៉ូស្គូកាលពីថ្ងៃអាទិត្យ។

Oplus_131072

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្តីរបស់លោក ពូទីន ដែលបានចុះផ្សាយលើគេហទំព័ររបស់វិមានក្រឹមឡាំង កាលពីថ្ងៃអាទិត្យថា ការវិនិយោគទ្វេភាគីរវាងរុស្ស៊ី និងអេមីរ៉ាតអារ៉ាប់រួម បានកើនឡើងដល់ ៧ពាន់លានដុល្លារ។ លោកពូទីនបាននិយាយថា ពាណិជ្ជកម្មបានធ្លាក់ចុះបន្តិច ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ។ លោកបានបន្ថែមថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាអំពីបញ្ហានេះ នៅក្នុងការចរចារបស់ពួកគេ។

មេដឹកនាំរបស់ប្រទេសទាំងពីរ ក៏នឹងពិភាក្សាអំពីបញ្ហាប្រទេសអ៊ុយក្រែន និងស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាផងដែរ ដែលលោកពូទីនហៅថា មានភាព «ស្មុគស្មាញខ្លាំង»។ លោកបានថ្លែងអំណរគុណដល់មេដឹកនាំអេមីរ៉ាតអារ៉ាប់រួមរូបនេះ សម្រាប់ការសម្រុះសម្រួលដល់ការដោះដូរ អ្នកទោសរវាងរុស្ស៊ី និងអ៊ុយក្រែន។

បើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ទំនាក់ទំនងពាណិជ្ជកម្មរវាងរុស្ស៊ី និងអេមីរ៉ាតអារ៉ាប់រួម បានកើនឡើងបន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូ ទៅលើប្រទេសអ៊ុយក្រែន។ បន្ទាប់ពីជំនួបនេះ មេដឹកនាំទាំងពីរនឹងចូលរួមកិច្ចប្រជុំកំពូល របស់ក្រុមប្រទេស BRICS ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអង្គារនៅទីក្រុងកាហ្សាន។

សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបានឱ្យដឹងថា លោក Sheikh Mohammed បាននិយាយថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងអភិវឌ្ឍនិងពង្រឹងទំនាក់ទំនងទ្វេភាគីរបស់ខ្លួន ជាមួយប្រទេសរុស្ស៊ី៕