អូស្ត្រាលី ចំណាយ ៤.៧ពាន់លានដុល្លារ ដើម្បីទិញមីស៊ីលទំនើបពីសហរដ្ឋអាមេរិក

Oplus_131072

(ស៊ីដនី)៖ អូស្រ្តាលី នៅថ្ងៃអង្គារ ទី២២ ខែតុលានេះបានប្រកាសពីការចុះកិច្ចព្រមព្រៀងទិញមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយដ៏ទំនើបពីសហរដ្ឋអាមេរិក គិតជាទឹកប្រាក់ ៤.៧ពាន់លានដុល្លារ ចំពោះមុខការកើនឡើងភាពតានតឹងយោធាយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន AFP។

Oplus_131072

កិច្ចព្រមព្រៀងទិញអាវុធខាងលើត្រូវបានអូស្ត្រាលីចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលនឹងនាំទៅរកការបំពាក់អាវុធទំនើបឱ្យកងទ័ពជើងទឹករបស់ខ្លួនស្របទៅនឹង យុទ្ធសាស្ត្រថ្មីមួយដែលត្រូវបានបញ្ចេញនៅក្នុងឆ្នាំនេះ ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់។ បើតាមរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles អូស្ត្រាលីនឹងចំណាយ៤.៧ពាន់លានដុល្លារ ដើម្បីទិញមីស៊ីល SM-6 ជាប្រភេទមីស៊ីលបំពាក់លើនាវាចម្បាំងដែលអាចបាញ់ទម្លាក់យន្ដហោះចម្បាំង និងមីស៊ីលគ្រូស ព្រមទាំងមីស៊ីល SM-2 Block III C។

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅនេះ អូស្ត្រាលីបានបញ្ចេញផែនការយុទ្ធសាស្ត្រយោធាមួយមានគម្រោងបង្កើនការចំណាយលើកញ្ចប់ថវិកាយោធា ដើម្បីពង្រឹង សមត្ថភាពយោធាបន្ថែម។ ជាងនេះទៅទៀត អូស្ត្រាលី និងសហរដ្ឋអាមេរិកក៏កំពុងសហការគ្នាផងដែរ ក្នុងការធ្វើបច្ចុប្បន្នភាពមូលដ្ឋានទ័ពនៅភាគខាងជើង និងភាគខាងលិចអូស្ត្រាលី៕