ក្រសួងគ្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លងចាប់ពីវង្វង់មូលស្គន់ ទៅទីរួមខេត្តកំពង់ចាម

ភ្នំពេញ ៖ ក្រសួងសាធារណៈការ កំពុងសិក្សាពីគម្រោងពង្រីកផ្លូវជាតិលេខ៧ ពីចំណុចវង្វង់មូលស្គន់ ឆ្ពោះទៅទីរួមខេត្តកំពង់ចាម ដោយពង្រីកធ្វើជា ២គន្លង ទៅ ៤គន្លង។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់បែបនេះ នៅក្នុងពិធីជួបសំណេះសំណាល មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានក្រើនរំលឹកនូវតួនាទីមន្ត្រីសាធារណៈ ក្នុងផ្តល់សេវាសាធារណៈជូនប្រជាពល រដ្ឋឱ្យបានល្អ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យតម្លាភាព និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗទាក់ទងនឹងការផ្ដល់សេវាសាធារណៈ ដូចជា៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត សេវាប្តូរនិងពន្យារបណ្ណបើកបរ កម្មវិធីថែទាំផ្លូវ (Road Care Mobile App) និងយន្តការផ្សេងៗ ទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។

ទន្ទឹមនឹងនេះផងដែរ លោកទេសរដ្ឋមន្ត្រី បានជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក៏ដូចជាអំពាវដល់បងប្អូនប្រជាពលរដ្ឋ កុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ព្រោះការដឹកជញ្ជូនលើសទម្ងន់កំណត់ជាកត្តាធ្វើឱ្យផ្លូវខូចមុនអាយុកាល៕