ទីលានចាក់សំរាមក្នុងខណ្ឌដង្កោ នឹងប្តូរទៅដាក់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរទីតាំងចាក់សំរាម ទៅនៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ចំណែកទីតាំងចាក់សំរាមក្នុងខណ្ឌដង្កោ នេះ និងរក្សាទុកធ្វើជាទីតាំងសម្រាប់ផ្ទេរសំរាមវិញ។

នេះបើតាមការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ខែមិថុនានេះនៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នៅពេលផ្ទេរទៅកាន់ទីលានចាក់សំរាមថ្មី ទីតាំងចាក់សំរាមចាស់ ក្នុងខណ្ឌដង្កោនឹងទុកជាកន្លែងផ្ទេរសម្រាម ។

ក្រៅពីនេះបានជ្រើសរើសយកទីតាំងផ្ទេរសម្រាមចំនួនបីផ្សេងទៀត នៅជាយរាជធានីភ្នំពេញ ដែលក្នុងនោះ នៅខណ្ឌព្រែកព្នៅ មាន២ទីតាំង ខណ្ឌសែនសុខមាន១ទីតាំងនិងនៅខណ្ឌពោធិ៍សែនជ័យ មាន១ទីតាំង។

លោកអភិបាលបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដេញថ្លៃ ក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួនបីរួចហើយ ហើយក្រោយពីក្រុមហ៊ុនទាំងបីបានអនុវត្តការងាររបស់ខ្លួនហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងមានវិធានការក្តៅ ចំពោះអ្នកដែលមិនបានបង់ថ្លៃសំរាម នឹងមានវិធានការចំពោះ អ្នកទុកដាក់សំរាមអាណាធិបតេយ្យផងដែរ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជុំវិញជំងឺកូវីដ–១៩ ដែលបាននិងកំពុងរាតត្បាតពេញពិភពលោក រួមទាំងកម្ពុជានោះ ឯកឧត្តម អភិបាលក៏បានលើកឡើងថា ជុំវិញជំងឺកូវីដ១៩នេះ អាជ្ញាធររាជធានីភ្នំពេញ បានមានវិធានការគ្រប់ជ្រុងជ្រោយ ដោយបានធ្វើការណែនាំដល់អាជ្ញាធរគ្រប់ខណ្ឌទាំងអស់ ដើម្បីបង្ការនិងទប់ស្កាត់នូវការឆ្លង ជម្ងឺកូវីដ–១៩នេះ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដោយបានដាក់ទីតាំងចត្តាទ្បីស័កនៅតាមសាលារៀនមួយចំនួនទៀតផង។

គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ឃួងស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ដើម្បីជំរុញឲ្យអនុវត្តការងារឲ្យកាន់តែប្រសើរឡើង ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ៕