ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ លោក ឧកញ៉ា ហេង សុវណ្ណា សមាជិកក្រុមការងារ ថ្នាក់ខេត្ត ចុះជួយស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជៀម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃគណ:បក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌របស់ខ្លួនផ្ទាល់ ទៅចែកជូនដល់ជនពិការ គ្រួសារ ក្រីក្រចំនួន៦គ្រួសារ ដែលកំពង់រស់នៅក្នុង ភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ថ្លែងក្នុងកម្មវិធីនេះ លោក ឧកញ៉ា ហេង សុវណ្ណា បានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនពិការ តាមរយៈការដាក់ចេញនូវយន្តការនានា ដើម្បីការពារសិទ្ធិរបស់ជនពិការ លុបបំបាត់ការរើសអើងគ្រប់រូបភាព ផ្តល់ការស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទជូនជនពិការ និងបង្កើនឱកាសដល់ជនពិការក្នុងការចូលរួមក្នុងសកម្មភាពសង្គមគ្រប់វិស័យ។
លោក ឧកញ៉ា ហេង សុវណ្ណា បានថ្លែងបន្តថា៖ដើម្បីចូលរួមជាចំណែកក្នុងការសម្រួលការលំបាកដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការ ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំង និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 កន្លងមក លោក បាននាំយកអំណោយជា ថវិកា និង សម្ភារះជាគ្រឿងឧបភោគ បរិភោគរបស់ខ្លួនផ្ទាល់ ទៅចែកចាយ ដល់ប្រជាពលរដ្ឋខ្វះខាតជាក់ស្តែងនៅក្នុងស្រុកព្រៃនប់នេះជាបន្តបន្ទាប់ជារៀងរហូតមក។
នារយៈកាលកន្លងមកនេះ សកម្មភាពសប្បុរសធម៌ជាច្រើនមិនថា ការចូលរួមបរិច្ចាគជាថរិកា ជាសម្ភារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ របស់សប្បុរជននានា ជាលក្ខណៈបុគ្គល និងស្ថាប័ន បានសបញ្ជាក់យ៉ាងច្បាស់នូវទឹកចិត្តនៃការចេះជួយគ្នាក្នុងគ្រាលំបាក និងស្មារតីរួមគ្នា ទាំងអស់គ្នាដើម្បីឆ្លងផុតនូវឧបសគ្គដែលកំពុងជួបប្រទេះជាមួយគ្នា។ លើសពីនេះទៀតនេះ រាល់ការចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល បានបង្ហាញពីការគិតគូរ និងការត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការបង្ការការពារ សុខមាលភាព និងសុខសុវត្ថិភាពប្រជាជាតិខ្មែរជារួម។
លោក ឧកញ៉ា ហេង សុវណ្ណា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងឆ្លើយថាទេចំពោះគ្រឿងញៀន គោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ចួន ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩នេះឱ្យសោះ បើទោះបីជាកម្ពុជាមិនទាន់រកឃើញករណីឆ្លងថ្មីទៀតរយៈពេលកន្លងមកនេះក៏ដោយ។
អំណោយដែល លោក ហេង សុវណ្ណា នាំយកមកចែកជូននៅពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ទំងន់ ២៥ គីឡូក្រាមុ, មី១កេះ, ទឹកផ្លែឈើ១កេះ,ទឹកបរិសុទ្ធ ៤យួរ , ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ១យួរ,ប្រេងក្រឡា១ដប និង ថវិកា ចំនួន៥០ពាន់រៀល។ ក្រៅពីនេះលោក ឧកញ៉ា បានឧបត្ថម ថវិកា ជូន រដ្ឋបាលសាលាឃុំរាម ទឹកប្រាក់ចំនួន២០០ពាន់រៀល និងជូនប្រជាការពារចំនួន១៥០ពាន់រៀលចំណែក សេវាធ្វើដំណើរ ទាំងទៅទាំងមក របស់ប្រជាពលរដ្ឋក្រីក្រចំនួន៦គ្រួសារនោះ ត្រូវបាន លោក ឧកញ៉ា ហេង សុវណ្ណា ចំណាយទាំងស្រុងផងដែរ៕ ដោយ មនោរាហ៍