(Reuters)៖ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃពុធ ទី១៤ ខែសីហា បានប្រកាសចាត់ទុកជំងឺ Mpox ឬអុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកល ជាលើកទី២ ក្នុងរយៈពេល២ឆ្នាំ បន្ទាប់ពីជំងឺនេះបានផ្ទុះឡើងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានរាលដាលទៅកាន់ប្រទេសជិតខាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
គណៈកម្មធិការសម្រាប់គ្រាអាសន្នបានជួបប្រជុំគ្នា កាលពីថ្ងៃពុធសប្ដាហ៍នេះ ដើម្បីផ្ដល់យោបល់ឱ្យប្រមុខ WHO លោក Tedros Adhanom Ghebreyesus ថាតើត្រូវប្រកាស ចាត់ទុកជំងឺ Mpox ឬអុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកលដែរឬក៏យ៉ាងណា? ភាពអាសន្នសុខាភិបាលសាធារណៈសកល គឺជាកម្រិតអាសន្នខ្ពស់បំផុតរបស់ WHO ដែលមានគោលដៅពន្លឿនការស្រាវជ្រាវ ស្វែងរកមូលនិធិ ដាក់ចេញវិធានការជាលក្ខណៈអន្តរជាតិ និងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងជំងឺឆ្លង។
តាម WHO ជំងឺ Mpox ឬអុតស្វា អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកមានជំងឺ។ ជាធម្មតា ជំងឺនេះមានរោគសញ្ញាស្រាល រីឯ ករណីស្លាប់ គឺកម្រនឹងកើតឡើង ហើយមានរោគសញ្ញាដូចផ្ដាសាយ តែមានឡើងពងបែកនៅស្បែក៕