(បាងកក)៖ រដ្ឋសភាថៃ នឹងបើកសម័យប្រជុំពិសេសមួយ នៅថ្ងៃទី១៦ ខែសីហា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញ ដកចេញពីតំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បើតាមនីតិវិធីរបស់រដ្ឋសភាថៃ អ្នកដែលត្រូវបានជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រី ត្រូវប្រមូលឱ្យបានសំឡេងគាំទ្រលើសពាក់កណ្ដាល នៃចំនួនសមាជិករដ្ឋសភាសរុប ទាំង ៤៩៣រូប។ បើតាម AFP ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ នឹងត្រូវធ្វើឡើងនៅម៉ោង ១០ព្រឹក ថ្ងៃទី១៦ ខែសីហា (ម៉ោងនៅទីក្រុងបាងកក) ខណៈ ក្រុមចម្រុះដឹកនាំរដ្ឋាភិបាលថៃសព្វថ្ងៃ ត្រូវបានរំពឹងថានឹងបើកកិច្ចប្រជុំជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែសីហានេះ។
គួរបញ្ជាក់ថា តុលាការធម្មនុញ្ញថៃ កាលពីថ្ងៃទី១៤ ខែសីហា បានចេញសាលក្រមដកលោក សេដ្ឋា ចេញពីតំណែងនាយករដ្ឋមន្ត្រី។ ការសម្រេចចិត្តនេះធ្វើឡើងក្នុងសំឡេង គាំទ្រ៥ ទល់នឹងសំឡេងប្រឆាំង៤។ តាមសាលក្រមតុលាការធម្មនុញ្ញថៃ លោក សេដ្ឋា ត្រូវបានដកចេញពីតំណែងនាយករដ្ឋមន្ត្រីដោយសារតែលោកបានបំពានក្រមសីលធម៌ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងមិនមានភាពស្មោះត្រង់ ពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ។ ប៉ុន្តែខណៈទទួលយកការសម្រេចរបស់ តុលាការធម្មនុញ្ញ លោក សេដ្ឋា បានការពារខ្លួនឯងដោយនិយាយថាជិតមួយឆ្នាំមកនេះ លោកបានដឹកនាំប្រទេសដោយភាពស្មោះត្រង់៕