ក្រសួងកសិកម្ម បង្ហាញពីវិធីសាស្ត្រ ក្នុងការគ្រប់គ្រងរុយស ដែលបំផ្លាញដំណាំស្រូវ

(ភ្នំពេញ)៖ រុយស ជាប្រភេទស្ថិតក្នុងលំដាប់ Hemiptera គ្រួសារ Aleyrodidae គឺជាពពួកជញ្ជក់រុក្ខរសពីស្លឹកស្រូវ ហើយវាមានដងខ្លួនប្រវែង១-១,៥មីលីម៉ែត្រគ្របដណ្តប់ដោយស្លាបពណ៌ស។ កាលពីឆ្នាំ២០១០ នៅប្រទេសវៀតណាមរុយសប្រភេទនេះមានការបំផ្លាញដំណាំស្រូវ នៅតំបន់ដីសណ្ដទន្លេមេគង្គអស់ប្រមាណ១៥៤៦២ហិកតាហើយពូជស្រូវ ដែលទទួលរងការបំផ្លាញធ្ងន់ធ្ងរជាងគេគឺពូជស្រូវក្រអូប។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ «កន្លងមក រុយសធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជា តែមិនដែលបានកើតឡើងលើដំណាំស្រូវនោះទេ ហើយតាមការសន្និដ្ឋានបឋម “រុយស” នេះអាចនឹងស្មុគស្មាញក្នុងការទប់ស្កាត់ជាងដង្កូវហ្វូង ប្រសិនបើវាពិតជារាតត្បាតទៅគ្រប់ទីកន្លែងពិតមែន ព្រោះវាអាចហោះចល័តពីមួយកន្លែងទៅមួយកន្លែង ខណៈពេលនេះក្រសួងនឹងធ្វើការជូនដំណឹង និងផ្តល់ការណែនាំបច្ចេកទេសបន្ថែមទៀត ពីវិធានការទប់ស្កាត់ និងវិធានការកម្ចាត់ជាបន្តបន្ទាប់ទៀតនៅពេលក្រោយ»។

ខាងក្រោមនេះជាការបង្ហាញរបស់ក្រសួងកសិកម្មអំពីលក្ខណៈសម្គាល់ និងការគ្រប់គ្រងរុយស៖

* ទី១៖ លក្ខណៈជីវសាស្ត្រ

រុយស ដែលបំផ្លាញដំណាំស្រូវមានឈ្មោះវិទ្យាសាស្ត្រ Aleurocybotus indicus វដ្តជីវិតរបស់រុយសមានរយៈពេល ១៧-២៤ថ្ងៃ ដែលរុយស១ក្បាលអាចពងបានចន្លោះពី១០០-២០០ពង។ រុយញីពងដាក់លើផ្ទៃស្លឹកផ្នែកខាងក្រោមក្រោយរយៈពេល២ថ្ងៃពងចាប់ផ្តើមញាស់។ កូនទើបញាស់និងរុយពេញវ័យជញ្ជក់រុក្ខរសស្លឹកស្រូវ។ ពងមានទំហំ០,២មីលីម៉ែត្រ ពណ៌បៃតងលឿងប្តូរទៅមានពណ៌បៃតងស្រាល។ សីតុណ្ហភាពសមស្របសម្រាប់សត្វល្អិតប្រភេទនេះរស់នៅ និងបំផ្លាញនៅសីតុណ្ហភាព៣០អង្សាសេ។

*ទី២៖ លក្ខណៈបំផ្លាញ

រុយស បំផ្លាញដំណាំស្រូវដោយផ្ទាល់ តាមរយៈការជញ្ជក់រុក្ខរសពីស្លឹកស្រូវ (សកម្មខ្លាំងនៅពេលព្រឹក) ធ្វើឱ្យស្លឹកប្រែពណ៌លឿងនិងរួញ។ វាបំផ្លាញខ្លាំងលើដំណាំស្រូវក្នុងវគ្គលូតលាស់ និងបែកគុម្ព ហើយការបំផ្លាញរបស់រុយសដែល ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាករចាប់ពី៣០-៤០ក្បាលក្នុងមួយគុម្ព នោះធ្វើឱ្យទិន្នផលបាត់បង់ពី២៣-៣១ភាគរយ ប្រសិនបើការបំផ្លាញនេះ ស្ថិតនៅក្នុងដំណាក់កាលស្រូវធ្វើខ្លួនចេញផ្កានោះ ការបាត់បង់ទិន្នផលធ្ងន់ធ្ងរជាងនេះ។

*ទី៣៖ វិធីសាស្ត្រពិនិត្យវត្តមានរុយសលើដំណាំស្រូវ

ត្រូវគោះស្លឹកស្រូវ រួចពិនិត្យមើលមានឃើញរុយសហើរដែរឬទេ
• ពិនិត្យមើលផ្នែកខាងក្រោមនៃស្លឹកស្រូវ
• ត្រូវយកចិត្តទុកដាក់បំផុត នៅពេលស្រូវបែកគុម្ពដល់ចេញផ្កា
• ពិនិត្យស្រែដែលនៅជិតចម្ការត្របែក ចម្ការដំឡូងមី និងសួនបន្លែ
• ចុះពិនិត្យស្រែណាដែលប្រើប្រាស់ជីអាសូតច្រើន
• ចុះពិនិត្យពូជស្រូវក្រអូប និងស្រូវដំណើបដែលរុយសចូលចិត្តបំផ្លាញ។

*ទី៤៖ វិធានការគ្រប់គ្រងនិងកម្ចាត់រុយស

• ស្វែងរកពូជស្រូវដែលធន់ជាមួយរុយស ជាពិសេសពូជស្រូវដែលមានស្លឹកឈរត្រង់
• ស្ទូង ឬពគ្រោះឱ្យបានស្រុះគ្នាកុំឱ្យក្រាស់ពេក
• ប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបច្ចេកទេស
• ប្រើអន្ទាក់ស្អិតពណ៌លឿងសម្រាប់ត្រួតពិនិត្យមើលវត្តមានរុយសដើម្បីចាត់វិធានការកម្ចាត់ឱ្យបានទាន់ពេលវេលា
• ចុះពិនិត្យវត្តមានរុយសក្នុងស្រែជាប្រចាំយ៉ាងហោចណាស់ ២ឬ៣ដងក្នុងមួយសប្តាហ៍
• នៅពេលមានវត្តមានរុយសចន្លោះ ៣០-៤០ ក្បាល/គុម្ព ត្រូវចាត់វិធានការកម្ចាត់
• សម្អាតស្មៅដែលជាជម្រករុយសទាំងក្នុងស្រែនិងបរិវេណជុំវិញស្រែ
• ក្នុងករណីបំផ្លាញធ្ងន់ធ្ងរ ត្រូវបាញ់ថ្នាំកសិកម្មដូចជា Acephate, Etofenprox, Buprofezin, Abamectin, Imidacloprid ឬ Thiamethoxam ហើយបាញ់នៅពេលព្រឹកចាប់ពីម៉ោង៦-៩ ព្រឹក។

*បញ្ជាក់៖ ត្រូវជ្រើសរើសថ្នាំកសិកម្មណា ដែលមានការចុះបញ្ជីកាត្រឹមត្រូវ៕