កោះកុង÷ នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូននាយទាហានតំបន់ប្រតិបត្តិការសឹករងកោះកុង យោធ ភូមិភាគទី ៣ កងទ័ពជើងគោក នៅទីបញ្ជាការ ប្រតិបត្តិការសឹករងកោះកុង ។
ថ្លែងក្នុងពិធីតែងតាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជា ការរង នៃកងយោធពលខេមរភូមិន្ទ បានកោតសរសើរ នឹងវាយតម្លៃខ្ពស់ចំពោះកងប្រតិបត្តិការសឹករងកោះកុង នៃយោធភូមិ ភាគទី៣ ដែលបានខិតខំពុះពារបំពេញ ភារកិច្ច ក្នុងកិច្ចការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្ររបស់ខ្លួន។ និងមានកិច្ចសហការជាមួយអាជ្ញាធរដែនដី ក្នុងការថែរក្សាការពារ សន្តិសុខ ស្ដាប់ធ្នាប់សាធារណៈ មានសុវត្ថិភាពល្អប្រសើរ ជូនប្រជាជនកន្លងមក។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តម សេនីយ៍ ម៉ៅ សុផាន់ មានប្រសាសន៍ បានថ្លែងនូវការសោកស្ដាយជូនចំពោះគ្រួសារយោធិន ដែលបានពលី ទាំង២០រូប ក្នុងបេសកកម្ម ផ្ទុះឃ្លាំងគ្រាប់នៅឯបញ្ជាដ្ឋានយោធភូមិ ភាគទី ៣ កាលពីរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ កន្លងមក ដែលក្នុងនោះ តំបន់ប្រតិបត្តិការសឹករងកោះកុង ចំនួន ១៥រូប បានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តម សេនីយ៍ ម៉ៅ សុផាន់ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ ឯកឧត្តម ជួន សុភ័ក្រ ដែលទើបនឹងឡើងកាន់តំណែងថ្មី សូមពិនិត្យ មើល លក្ខណៈសម្បត្តិ៣យ៉ាងដល់មេបញ្ជាការរងឱ្យអស់លទ្ធភាព។ តើមេបញ្ជាការរងណាដែលមានលក្ខណៈសម្បត្តិ ដែលអាចធ្វើជាមេបញ្ជាការរងបាន។
ទី១/ត្រូវពិនិត្យមើលលក្ខណៈសម្បត្តិ៣ យ៉ាង
ទី២/សមត្ថភាព ការទទួលខុសត្រូវ
ទី៣/គុណធម៌ សីលធម៌
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់
មានប្រសាសន៍សង្កត់ធ្ងន់ៗថា គ្មានការជួញដូរមុខតំណែង មេបញ្ជាការរង មិនចាំបាច់រត់ខ្វែងដៃខ្វែងជើង សូកលុយសូកកាក់ សុំមុខតំណែងទៀតទេ ចាប់ពីត្រឹមម៉ោងនេះទៅ មុននឹងតែងតាំង ត្រូវមើលលើលក្ខណៈសម្បត្តិ ៣ យ៉ាង សំខាន់មានគុណធម៌ សមត្ថភាព ។
ហើយក្នុងនាមមេបញ្ជាការខេត្តមួយ ត្រូវឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត មានសុខដុមរមនា សមត្ថភាពក្នុងកិច្ចការការពារទឹកដី អធិបតេយ្យភាព ការពារឲ្យបានព្រៃឈើ និងការពារឲ្យបាននៅការទន្ទ្រានយកដីរដ្ឋ ពិសេសការពារនូវទ្រព្យសម្បត្តិរដ្ឋឲ្យបានល្អប្រសើរ។
ក្រោយពីប្រកាសពិធីតែងតាំង ឯកឧត្តម ជួន សុភ័ក្រ្ត ដែលទើបនឹងឡើងកាន់ថ្មី បានធ្វើការផ្ដាច់ជ្ញាចិត្តថា÷
១/ ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនាព្រះមហាក្សត្រ ហ៊ានពលិកម្មដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ការពារជាដាច់ ខាតនៅរាជបល្ល័ង្គ និងរបបប្រជានិយម ក៏ដូចជាប្រជាជន។
២/ការពារជាដាច់ខាតចំពោះរាជរដ្ឋាភិ បាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងការពារសមិទ្ធផលជាតិទាំងឡាយ ដែលជាស្នាដៃដ៏ស្តុកស្តំ ជាមរតកប្រវត្តិសាស្ត្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងវាយកំទេចរបបការឃុបឃិត ប៉ុនប៉ងបំភ្លេចបំផ្លាញសេចក្តីសុខ ដែលបង្កឡើងដោយពួកប្រឆាំង។
៣/គោរពអនុវត្តជាដាច់ខាត នូវច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់រដ្ឋ បទដ្ឋានគតិយុត្តិនានា និងច្បាប់លក្ខន្តិកៈរបស់កង យោធពលខេមរភូមិន្ទ។
៤/ប្ដេជ្ញាបន្តថែរក្សាប្រពៃណី មិត្តភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុងឳ្យបានរឹងមាំ ផ្ដល់ស្នាមញញឹម និងសុភមង្គលឲ្យយោធិន និងបន្តការយកចិត្តទុកដាក់ កសាងសមត្ថភាពកងទ័ព និងថែរក្សាសុខមាលភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ពឲ្យបានល្អប្រសើរ៕ ដោយ សេន ពិសិដ្ឋ