បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា-រុស្ស៊ី ចុះហត្ថលេខារួមគ្នាលើ អនុស្សរណៈនការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក

(ភ្នំពេញ)៖ កងទ័ពជើងគោក បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផល នៃជំនួបពិភាក្សាការងារទ្វេភាគី រវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោកបានជាមួយនាយឧត្តមសេនីយ៍ អាឡិក សាលលូកូវ (Oleg Salyultov) អគ្គមេបញ្ជាការកងទ័ពជើងគោក នៃសហព័ន្ធរុស្ស៊ី។

ក្នុងជំនួបនេះ សមភាគីទាំងពីរ បានសម្តែងនូវមោទកភាពចំពោះទំនាក់ទំនងមិត្តភាព ប្រកបដោយការ ជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមរតកបន្សល់ទុកដោយថ្នាក់ដឹកនាំជំនាន់មុន ជាពិសេសចាប់តាំងពីឆ្នាំ១៩៩៣មក ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកគួរឲ្យកត់សម្គាល់ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច យោធា និងរវាងប្រជាជន។

សមភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-រុស្ស៊ី និយាយជារួម និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ដែលបានបោះជំហានទៅមុខ និងសម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

ក្នុងឱកាសនៃជំនួបពិភាក្សាទ្វេភាគីនេះ និងដោយមានការអនុញ្ញាតពីក្រសួងការពារជាតិ នៃប្រទេសទាំងពីរ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-រុស្ស៊ី បានសម្រេចចុះហត្ថលេខារួមគ្នាលើឯកសារអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក នៃសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាពឲ្យកាន់តែជិតស្និទ យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។

ឯកសារនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃទំនាក់ទំនងទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក និងជាមូលដ្ឋានមួយដ៏សំខាន់នៅក្នុងការត្រួសត្រាយផ្លូវ សំដៅឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគត៕