(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្ស និងប្រកាសតែងតាំងគណៈកម្មាធិការគណៈបក្សមូលដ្ឋាន គណៈកម្មាធិការសាខាបក្ស នៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ នៅសាលប្រជុំមន្ទីរគណបក្សរាជធានីភ្នំពេញ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានស្វាគមន៍ និងចូលរួមអបអរសាទរចំពោះការសម្រេចចិត្តចូលរួមជីវភាព នយោបាយជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា។ លោកក៏បានរំលឹកអំពីការតស៊ូលះបង់ក្នុងបុព្វហេតុជាតិជាច្រើន របស់គណៈបក្សប្រជាជនកម្ពុជា ទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្ររួមមាន ការរំដោះប្រជាជនចេញ ពីការកាប់សម្លាប់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាព ពេញលេញជូនជាតិ តាមរយៈនយោបាយឈ្នះឈ្នះ និងជោគជ័យដ៏ត្រចះត្រចង់ ក្នុងការការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ ឱ្យរួចផុតពីជំងឺកូវីដ១៩។
ក្នុងរយៈកាលជាង៤៥ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានបង្កើតនូវស្នាដៃ និងគុណបំណាច់ដ៏ច្រើនលើសលប់ជូនសង្គមជាតិ និងប្រជាជន ដែលនេះគឺជាបទពិសោធន៍ក្នុងការដឹកនាំដ៏គួរឲ្យជឿជាក់ សម្រាប់ការបន្តដឹកនាំអភិវឌ្ឍប្រទេសប្រទេស និងផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងកត្តាសំខាន់៣ សម្រាប់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងសាខាគណបក្សនៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ ត្រូវអនុវត្តន៍ រួមមាន៖ ១៖ក្តាប់ឲ្យជាប់នូវកម្មវិធីរបស់គណបក្សប្រជាជន គោលការណ៍ដឹកនាំរបស់គណបក្ស បង្កើតការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, ២៖ថែរក្សាឲ្យបានសាមគ្គីឯកភាពផ្ទៃក្នុង របស់គណបក្ស និង៣៖ក្នុងនាមជាមន្ត្រីគណបក្ស ក៏ដូចជាមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ត្រូវបន្តចូលរួមគាំទ្ររាល់ការងារស្នូលរបស់ក្រសួងមុខងារសាធារណៈរបស់យើង ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការងារអាទិភាពមួយដែលសម្តេចធិបតី អនុប្រធានគណបក្ស និងក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ទិសដៅនៃការងារអាទិភាពរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។
ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យសមាជិក-សមាជិកាបក្ស ត្រូវខិតខំអភិវឌ្ឍន៍ចំណេះដឹង និងកសាងសមត្ថភាព ឲ្យក្លាយជាធនធានមនុស្ស សម្រាប់ប្រទេសជាតិ ដើម្បីចូលរួមអភិវឌ្ឍមាតុភូមិរបស់យើងឲ្យកាន់តែរីកចម្រើន។
សូមជម្រាបថា កម្មវិធីនារសៀលនេះ មានការឡើងអានពាក្យសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងការប្តេជ្ញាចិត្តរបស់តំណាងសមាជិកគណបក្សថ្មី ព្រមទាំងការអានសេចក្តីសម្រេចយល់ព្រមបញ្ចូលជាសមាជិកគណបក្ស និងតែងតាំងគណៈកម្មាធិការគណបក្សមូលដ្ឋាន គណៈកម្មាធិការសាខាបក្ស នៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ ដោយប្រធានគណៈចាត់តាំង និងឧបនាយករដ្ឋមន្ត្រី ប្រធានគណៈអធិបតីប្រគល់សេចក្តីសម្រេច និងត្រាជូនគណៈកម្មាធិការគណបក្សមូលដ្ឋានទាំង៧៕