ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីមេត្រីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ មិនមែនគិតតែពីការសាងសង់អគារនោះទេ ត្រូវគិតគូរបិរស្ថាន និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។
ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានី ភ្នំពេញ និងខេត្តកណ្តាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យតំបន់អភិវឌ្ឍន៍បឹងទំពន់និងតំបន់ផ្លូវ៦០ម៉ែត្រ គិតគូររៀបចំតំបន់បៃតង និងបានណែនាំរដ្ឋាភិបាលរាជធានី ខេត្ត ត្រូវត្រៀមដីរៀបចំឧទ្យានជាតិបៃតង។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួង-ស្ថាប័នជំនាញ និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តអនុវត្តដោយឈរលើគោលការណ៍ជាអាទិភាព២ គឺ១) បង្កើនល្បឿនការ អភិវឌ្ឍទីក្រុង ដោយត្រូវដើរឱ្យបានមុនសេចក្តីត្រូវការរបស់ប្រជាជន និងបង្កើនការ វិនិយោគស្រប តាមប្លង់គោលប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញឆ្នាំ២០៣៥ និង២) ផ្តើមគិតពី កិច្ចការសាងសង់ សំណង់នីមួយៗឱ្យស្របតាមការវិវត្តនៃតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ។
ជាមួយគ្នានេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប វ័យឆ្លាត និងសន្សំសំចៃខ្ពស់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានីភ្នំពេញដូចជា៖ ការបំពាក់កាមេរ៉ាសុវត្ថិភាព អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាមសួនច្បារសាធារណៈ ដើម្បីឱ្យទីក្រុងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្តិសមជាទីក្រុងឆ្លាតអាស៊ាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យបង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់ ជាពិសេសនៅតាមតំបន់ការដ្ឋានដែលត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗដូចក្នុងករណីការដាំដើមឈើបន្ថែមនៅចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងលិច និងគម្រោងស្ពានអាកាសមរតកតេជោ ជាដើម។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ឱ្យអាជ្ញាធររាជធានីភ្នំពេញឱ្យយកចិត្តទុកដាក់អនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀងនៅតំបន់ភូមិសាស្ដ្ររាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យទីក្រុងកាន់តែមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ដោយភាពកកស្ទះនៅតែជាបញ្ហាចោទនៅក្នុងរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ឱ្យអាជ្ញាធរត្រូវ យកចិត្តទុកដាក់រំដោះចិញ្ចើមផ្លូវក្នុងទីក្រុងឱ្យខាងតែបាន ដើម្បីសម្រួលចរាចរណ៍ និងកាត់បន្ថយការកកស្ទះនេះ សំដៅកាត់បន្ថយថ្លៃនៃការធ្វើដំណើរ បង្កើនសេវាកម្មជិះរថយន្តក្រុង និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានក្នុងទីក្រុងជាមួយនឹងការបង្កើនសម្រស់របស់រាជធានីភ្នំពេញ។ បន្ថែមលើនេះចំពោះការកកស្ទះចរាចរណ៍នៅម៉ោងទៅ និងចេញពីបម្រើការងារសម្ដេចធិបតី ហ៊ិប្រាប់ឱ្យដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ៕