(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានបង្ហាញនូវការអាណោចអាធ័ម និងខ្លោចចិត្តជាខ្លាំង នៅពេលឃើញវីដេអូមួយត្រូវបានគេចែកចាយ ដោយឪពុកបត់ជើងសំពះកូនដែលជាបងធំ ជាក្មេងទំនើង។
ក្ដីអាណោចអាធ័មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងតាមរយៈវេទិកាក្នុងឱកាសអញ្ជើញជាធិបតីភាព បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច ប្រសព្វមហាវិថី «សម្តេចតេជោ ហ៊ុន សែន» និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានី ភ្នំពេញ និងខេត្តកណ្តាល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «បង្ក្រាបប៉ុណ្ណឹងហើយ នៅមិនទាន់អស់ទៀត ងើបមួយវៃមួយ ងើបមួយក្រុមវៃមួយក្រុម ដើម្បីឲ្យរាស្ត្រ កុំឲ្យយកគាត់បំផ្លាញអនាគតពួកគាត់ បំផ្លាញអនាគតរបស់សន្តិសុខប្រទេសជាតិ សូមបន្តធ្វើ។ ថ្ងៃមុនខ្ញុំអាណោចអាធ័ម ឃើញឪពុកម្នាក់អង្គុយសំពះកូន ដែលជាបងធំ កូនប្រុស អូបើឪខ្ញុំវិញ គ្មានបានអង្កុយសំពះទេលោកប្អូនអើយ»។
បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, ឪពុកម្ដាយគ្រប់រូប តែងតែចង់ឲ្យកូនខ្លួនដើរតាមគន្លងនៃភាពត្រឹមត្រូវ ក្លាយជាធនធានមួយដ៏ល្អនៅក្នុងសង្គម ហើយអត់ពីពួកគាត់ទៅអាចរស់បានដោយខ្លួនឯង ពោលគ្មានឪពុកម្ដាយណាចង់ឲ្យកូនក្លាយជាមនុស្សមិនល្អនោះទេ ហើយត្រូវរបួសដោយសារគេកាប់ចាក់ឡើយ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានទាំងអស់ ដែលរួមសហការគ្នាបង្ក្រាបករណីក្មេងទំនើងកន្លងមកបានយ៉ាងមានប្រសិទ្ធភាព។ សម្ដេចរំលឹកឡើងវិញថា ករណីក្មេងទំនើងនេះ មិនត្រូវដកដៃបានឡើយ ពោលងើបមួយវៃមួយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ញើសារក្រើនរំលឹក និងអំពាវនាវដល់យុវជន យុវតីទាំងអស់ កុំប្រកួតប្រជែងគ្នាក្នុងផ្លូវមិនល្អ ត្រូវធ្វើខ្លួនឲ្យក្លាយជាធនធានមួយដ៏ល្អនៅក្នុងសង្គម ព្រោះវិធានការរបស់សមត្ថកិច្ចដែលបង្ក្រាបក្មេងទំនើងនេះ គឺជួយដល់យុវជន យុវតីផ្ទាល់ និងជួយដល់ក្រុមគ្រួសារថែមទៀតផង៕