លោក Marcos៖ ហ្វីលីពីន ត្រូវតែត្រៀមខ្លួនគ្រប់កាលៈទេសៈ ខណៈការគំរាមកំហែងពីខាងក្រៅរីកកាន់តែធំ

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថាប្រទេសរបស់លោក គួរតែត្រៀមខ្លួនសម្រាប់គ្រប់កាលៈទេសៈទាំងអស់ ពីព្រោះ ការគំរាមកំហែងពីខាងក្រៅកាន់តែលេចចេញជារូបរាងឡើង ដោយសារភាពតានតឹងក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមិថុនា​ ឆ្នាំ២០២៤។

ក្នុងសុន្ទរកថាទៅកាន់កងទ័ព នៅឯជំរំយោធាក្នុងខេត្ត Isabela ភាគខាងជើងតំបន់ដែលនៅទល់មុខនឹងកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក Marcos និយាយថា ទីតាំង​​ដែលហ្វីលីពីននៅកៀកនឹង​តៃវ៉ាន់ ធ្វើ​ឲ្យ​វា​ស្ថិត​ក្នុង​តំបន់​ដែល​ចិន​ចាប់អារម្មណ៍។ លោក Marcos គូសបញ្ជាក់យ៉ាងដូច្នេះថា «ការគំរាមកំហែងពី ខាងក្រៅលេចឡើងកាន់តែច្បាស់ ហើយក្លាយជារឿងដ៏គួរឱ្យបារម្ភ​ ហេតុនេះទើបយើងត្រូវតែត្រៀមខ្លួន»

តាមលោក Marcos ហ្វីលីពីន ​មិន​បាន​ព្យាយាម​គូរ​ខ្សែបន្ទាត់​នៃ​ដែនដី​អធិបតេយ្យឡើងវិញ រួមទាំង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់ខ្លួន​ឡើយ ប៉ុន្តែ​ប្តេជ្ញា​ការពារ​ខ្លួន ​ខណៈ​ដែល​កំពុង​ចូលរួម​ក្នុងកិច្ចខិតខំប្រឹងប្រែង​ផ្នែក​ការទូត។ ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល នៅមិនទាន់ឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយនោះទេ។

គួរបញ្ជាក់ថា ជាយូរមកហើយ ហ្វីលីពីន និងចិនមានវិវាទនឹងគ្នាជុំវិញបញ្ហាទឹកដីនៅតំបន់សមុទ្រចិនខាងត្បូង ដែលជាច្រកផ្លូវទឹកដ៏សំខាន់មួយ សម្រាប់ពាណិជ្ជកម្មនាវា ឆ្លងកាត់គិតជាទំហំទឹកប្រាក់ ៣ទ្រីលានដុល្លារ ក្នុងមួយឆ្នាំៗ៕