បេឡារុស អះអាងពីការចូលរួមធ្វើសមយុទ្ធនុយក្លេអ៊ែរតាក់ទិកជុំទីពីរ ជាមួយរុស្ស៉ី

Oplus_131072

(មីនស្កិ៍)៖ ប្រទេសបេឡារុស បានឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា កងទ័ពរបស់ខ្លួនបានចូលរួមក្នុងសមយុទ្ធជុំទីពីររបស់រុស្ស៉ី ដែលចេញបញ្ជាដោយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីអនុវត្តការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤។

Oplus_131072

រដ្ឋមន្ត្រីការពារជាតិបេឡារុស លោក Viktor Khrenin បាននិយាយថា «សមយុទ្ធនេះគឺជាវិធានការសកម្មភាពមួយ ដើម្បីបង្កើនការត្រៀមខ្លួន ប្រើប្រាស់អាវុធសម្រាប់ សងសឹកឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយ បង្កឡើងចំពោះប្រទេសរបស់យើង ក៏ដូចជារុស្ស៉ី និងបេឡារុស»។ លោក Khrenin បន្ថែមថា «យើងគ្មាន គោលដៅបង្កើតភាពតានតឹងណាមួយក្នុងតំបន់ទេ ហើយក៏មិនបានគិតទុកជាមុនអំពីការគំរាមកំហែងផ្នែកយោធាលើប្រទេសទី៣ ឬប្រទេសណាមួយ នោះដែរ។ ប៉ុន្តែ​យើង​នឹង​កម្តៅសាច់ដុំយោធាជានិច្ច»

គួរបញ្ជាក់ថា សមយុទ្ធនុយក្លេអ៊ែរតាកទិកជុំទី១ បានធ្វើឡើងនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ីកាលពីខែមុន ដោយក្រុមអ្នកវិភាគនិយាយថា វាជាសារព្រមានរបស់ លោក ពូទីន ដើម្បីរារាំងលោកខាងលិច កុំឱ្យហក់ចូលកាន់តែជ្រៅទៅក្នុងសង្រ្គាមអ៊ុយក្រែន។ ដោយឡែក ជុំទី២នេះ គេមិនបានដឹងឡើយថា សមយុទ្ធ​នោះ​ប្រព្រឹត្ត​ទៅ​នៅ​ទីណា ឬប្រើ​​អាវុធ​ប្រភេទ​ណា​ខ្លះទេ ហើយភ្លាមៗ ក៏នៅមិនមានព័ត៌មានពីសំណាក់ភាគីរុស្ស៉ីទេ ជុំវិញការធ្វើសមយុទ្ធនេះដែរ៕