កូរ៉េខាងជើង បង្ហោះបាឡុងសំរាមជាង៣០០បន្ថែម ចូលដីកូរ៉េខាងត្បូង ក្រោយការព្រមានរបស់ប្អូនស្រីលោក គីម ជុងអ៊ុន

Oplus_131072

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ បាននិយាយថាកូរ៉េខាងជើងបានបង្ហោះបាឡុងសណ្តោងសំរាមរាប់រាយបន្ថែមទៀត ចូលក្នុង ដីកូរ៉េខាងត្បូង បន្ទាប់ពីប្អូនស្រីរបស់លោក គីម ជុងអ៊ុន បានព្រមានចាត់វិធានការឆ្លើយតបប្រឆាំងទីក្រុងសេអ៊ូល ជុំវិញការដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេង នៅតាមតំបន់ព្រំដែន និងការបង្ហោះខិត្តប័ណ្ណរិះគន់ចូលដីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

Oplus_131072

តាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបង្ហោះបាឡុងសំរាមប្រហែលជា ៣១០បាឡុងបន្ថែមឆ្លងព្រំដែនកាលពីយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទនេះ។ បាឡុងរបស់ កូរ៉េខាងជើងទាំងនេះមានសណ្ដោងសំរាមដូចជាកម្ចេចក្រដាស និងបាស្ទិគ តែមិនទាន់មានសេចក្ដីរាយការណ៍ពីសារធាតុគ្រោះថ្នាក់ណាមួយនៅឡើយទេ មកទល់នឹងពេលនេះ។

ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ក៏បានបង្ហោះបាឡុងសណ្ដោងសំរាមប្រហែលជា ៣៣០បាឡុង ចូលដីកូរ៉េខាងត្បូងផងដែរដោយអះអាងថា ជាការឆ្លើយតបទៅនឹងការបង្ហោះខិត្តប័ណ្ណរិះគន់របបដឹកនាំលោក គីម ជុងអ៊ុ​ន ពីសំណាក់សកម្មជនមួយក្រុមក្នុងប្រទេសកូរ៉េខាងត្បូង។ ព្រមពេលជាមួយគ្នា កូរ៉េខាងត្បូង បានដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេងឃោសនារិះគន់កូរ៉េខាងជើង នៅតាមតំបន់ព្រំដែន ក្រោយព្យួរកិច្ចព្រមព្រៀងយោធាមួយដែលបានចុះហត្ថលេខាជាមួយ កូរ៉េខាងជើងកាលពីឆ្នាំ២០១៨៕